កាំជ្រួច Long Marche 7 បាញ់បង្ហោះយានTianzhou-1 នៅហៃណាន😚😚

កាំជ្រួច Long Marche 7 បាញ់បង្ហោះយានTianzhou-1 នៅហៃណាន ថ្ងៃ២០មេសា ២០១៧។
ថ្ងៃព្រហស្បតិ៍២០មេសានេះ ចិនបានបញ្ជូនយានអវកាសដំបូងរបស់ខ្លួនឈ្មោះថា Tianzhou-1 ឆ្ពោះទៅស្ថានីយពិសោធន៍អវកាស Tiangon ដើម្បីសាកល្បងផ្ទេរប្រេងចេញពីយាននេះ ចូលក្នុងមន្ទីរពិសោធន៍អវកាស។ ការបាញ់បញ្ជូនយាន Tianzhou-1ទៅអវកាសបង្ហាញពីមហិច្ឆតាអវកាសរបស់ចិន ដែលចង់ដើរអោយទាន់រុស្ស៊ី អាមេរិក និងអឺរ៉ុប។
យានអវកាសដំបូងរបស់ចិន ឈ្មោះថា Tianzhou-1 ប្រវែងជាង១០ម៉ែត្រ ត្រូវបានបង្ហោះចេញពីមជ្ឈមណ្ឌលបង្ហោះយានអវកាស ខែត្រហៃណាន យប់ម៉ោង៧និង៤១នាទីក្នុងស្រុកចិន ថ្ងៃព្រហស្បតិ៍នេះ។ យាន Tianzhou-1 ប្រែថា នាវាឋានសួគ៌ អាចផ្ទុកសម្ភារបានរហូត៦តោន ហើយក៏អាចផ្ទុកផ្កាយរណបបានដែរ។
យាន Tianzhou-1 ត្រូវធ្វើដំណើរទៅកាន់ស្ថានីយពិសោធន៍អវកាស Tiangong-2 នៅតារាវិថី ជាមន្ទីរពិសោធន៍ ដែលចិនបានបាញ់បញ្ជូនដោយជោគជ័យ ទៅគន្លងតារាវិថី កាលពីខែកញ្ញាឆ្នាំមុន។ យាន Tianzhou-1 មានបេសកកម្មសាកល្បងផ្ទេរប្រេង ចូលក្នុងមន្ទីរពិសោធន៍អវកាសនេះ។ យាន Tianzhou-1 នឹងសម្រេចបទពិសោធន៍ការងារផ្សេងៗទៀតដែរ មុននឹងធ្លាក់មកផែនដីវិញ។
ចិនចំណាយថវិការាប់ពាន់លានដុល្លារ ក្នុងកម្មវិធីអវកាសរបស់ខ្លួន ដើម្បីដើរអោយទាន់អាមេរិក រុស្ស៊ី និងអឺរ៉ុប។ ក្រុងប៉េកាំងកំពុងគ្រោងស្ថាបនាស្ថានីយអវកាសអន្តរជាតិដោយខ្លួនឯង ខណៈស្ថានីយអវកាសអន្តរជាតិ ISS របស់អាមេរិក ជប៉ុន អឺរ៉ុប និងរុស្ស៊ី ត្រូវឈប់ដំណើរការក្នុងពេល៦ឆ្នាំទៀត។ ចិនគ្រោងបញ្ជូនទៅតារាវិថី ក្នុងឆ្នាំ២០២២ នូវយានដែលអាចផ្ទុកអវកាសយានិកដល់ទៅ៦នាក់ ជាយានដែលអាចស្ថិតក្នុងតារាវិថីបានយ៉ាងតិច១០ឆ្នាំ៕
Post a Comment