អាគារល្បីមានខ្មោចលង តែអ្នកដែលរស់នៅក្នុងនោះ មិនដែលឃើញអ្វីប្លែកសោះ ស្រាប់តែចុងក្រោយ....😔😭

ភ្នំពេញសព្វថ្ងៃមានខនដូប្រណឹតៗសាងសង់ឡើងយ៉ាងព្រោងព្រាត។ វីឡាភ្លោះ វីឡាកូនកាត់នានាក៏ប្រជែងគ្នាដុះដូចផ្សិត។ មហាសេដ្ឋី និងអ្នកជំនួញធំៗកំពុងតែប្រកួតប្រជែងគ្នាកសាងខនដូថ្មីៗ ទំនើបៗ ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន។ ការមករៀននៅភ្នំពេញសព្វថ្ងៃក៏មានភាពងាយស្រួល សម្រាប់សិស្សនិស្សិតដែលមកពីតាមខេត្តដែរ ព្រោះមិនចាំបាច់ភ័យខ្លាច ឬខ្វាយខ្វល់ពីរឿងខ្វះកន្លែងស្នាក់នៅទេ។
ពេលខ្ញុំមករៀនមហាវិទ្យាល័យនៅភ្នំពេញ ប៉ាម៉ាក់ក៏ជួលបន្ទប់ នៅក្នុងខនដូមួយកន្លែងឲ្យខ្ញុំស្នាក់នៅ ។ ពេលមកដល់ទីនេះថ្មីៗ ខ្ញុំបានស្គាល់សិស្សច្បងម្នាក់ឈ្មោះ បងរាជ។ គាត់រៀនបងខ្ញុំមួយឆ្នាំ។ កាលគាត់និយាយរឿងរ៉ាវរបស់គាត់ឲ្យខ្ញុំស្តាប់ គាត់រៀននៅឆ្នាំទី៣ ឯខ្ញុំរៀននៅឆ្នាំទី២។ គាត់និយាយប្រាប់ខ្ញុំថា គាត់ក៏ជាអ្នកមកពីខេត្តដែរ ដូច្នេះចាំបាច់ត្រូវជួលផ្ទះស្នាក់នៅ។ ទីបំផុតគាត់ក៏ជួលបានបន្ទប់មួយ ក្នុងខនដូមួយកន្លែងម្តុំទួលគោក ហើយរឿងរ៉ាវដែលគួរឲ្យព្រឺរន្ធត់ក៏កើតឡើងនៅខនដូមួយនោះ។
គាត់និយាយប្រាប់ខ្ញុំថា ពេលគាត់មកនៅដំបូងៗក៏ធម្មតាៗ គ្មានអ្វីកើតឡើង ប្រក្រតីដូចគេដូចឯង។ ចំណែករឿងខ្លាចខ្មោច គាត់ក៏មិនមែនជាមនុស្សខ្លាចប៉ុន្មានទេ។ រឿងខ្មោចរឿងព្រាយស្អីនេះ គាត់ក៏ធម្មតាៗ។
រហូតបងរាជស្នាក់នៅបន្ទប់ជួលនោះបានបីខែ បងរាជនិយាយប្រាប់ខ្ញុំថា ស្រាប់តែគាត់ទទួលអារម្មណ៍ខុសប្លែកពីធម្មតា។ ភាពខុសប្រក្រតីរបស់គាត់គឺ គាត់មានចិត្តស្រឡាញ់បន្ទប់ដែលគាត់ស្នាក់នៅយ៉ាងងប់ងល់។ បងរាជប្រាប់ថា គាត់មិនមែនជាមនុស្សបែបនេះទេ មិនធ្លាប់មានអារម្មណ៍ស្រឡាញ់បន្ទប់នេះសោះពេលមកនៅថ្មីៗ។ ដំបូងៗក៏ព្រងើយៗ មិនបានជាប់ចិត្តអីនឹងបន្ទប់នេះខ្លាំងទេ តែពេលគាត់នៅយូរៗទៅរហូតនៅបានបីខែ បងរាជក៏ចាប់ផ្តើមស្រឡាញ់បន្ទប់នេះយ៉ាងខ្លាំង ខ្លាំងរហូតមិនចង់ទៅណា… គឺមិនចង់ទៅណាសោះតែម្តង។
បងរាជប្រាប់ថា វាជាអារម្មណ៍មួយចម្លែកខ្លាំងណាស់។ គាត់បង្ហើបទៀតថា ក្រោយៗមកទៀត គាត់ទ្រាំមិនបានសូម្បីតែទៅដេកនៅផ្ទះមិត្តភក្តិ ឬទៅដើរលេងនៅកន្លែងណាជាមួយមិត្តភក្តិ។ គាត់សម្រេចចិត្តមិនទៅណាទាំងអស់។ បងរាជត្រូវដេកនៅក្នុងបន្ទប់ខ្លួនឯងរាល់ថ្ងៃពេញមួយខែៗ រហូតមិត្តភក្តិគាត់ចាប់ផ្តើមបង្អាប់គាត់ថា គាត់ជាប់ស្នេហ៍នឹងបន្ទប់ ដេក។

សុំត្រឹមតែបាននៅបន្ទប់ខ្លួនឯង មិនថាមើលទូរទស្សន៍ ដេកលេង ឬធ្វើអ្វីក៏ដោយ គឺគាត់មានអារម្មណ៍ថាស្រឡាញ់ និងមានសេចក្តីសុខយ៉ាងខ្លាំង។ បងរាជប្រាប់ថា ភាពឈ្លក់វង្វេងនឹងបន្ទប់នេះមានទ្វេឡើង រហូតគាត់មានគំនិតចង់ទិញវាទុកជាសម្បត្តិផ្ទាល់ខ្លួន។ ថ្វីបើតម្លៃថ្លៃបន្តិចមែន តែប៉ាម៉ាក់គាត់មានប្រាក់ល្មម អាចទិញឲ្យបានដោយមិនពិបាក។ តែដោយអារម្មណ៍ដែលចម្លែករហូតគួរឲ្យខ្លាច និងខុសប្រក្រតីយ៉ាងខ្លាំងនេះ ធ្វើឲ្យគ្រប់គ្នាអត់សង្ស័យមិនបាន។
ដ្បិតក្រោយៗមកទៀត បងរាជកាន់តែងប់រហូតចុះមកញ៉ាំបាយមិនបានប៉ុន្មានផង ក៏ត្រូវរត់ឡើងទៅលើបន្ទប់វិញ ប្រញាប់ទៅអង្គុយមើលទូរទស្សន៍ម្នាក់ឯងវិញ។ មិត្តភក្តិដទៃទៀត ចាប់ផ្តើមទទួលអារម្មណ៍មិនល្អ នឹងអាកប្បកិរិយាខុសប្លែកពីធម្មតា របស់បងរាជ ហើយក៏នាំគ្នាមកពិភាក្សាសួរយោបល់គ្នា ថាមានរឿងអ្វីកើតឡើង។ នេះជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់គេ ឬមួយក៏មានអ្វីខុសប្រក្រតីកើតឡើង?
រហូតមកដល់ថ្ងៃមួយ អ្នកផ្ទះរបស់បងរាជក៏ហៅគាត់ឲត្រឡប់ទៅលេងផ្ទះ ព្រោះមិនបានទៅលេងយូរមកហើយ។ បងរាជក៏ត្រឡប់ទៅផ្ទះជាមួយមិត្តភក្តិម្នាក់ ដែលនៅខេត្តជាមួយគ្នា ហើយជាមិត្តភក្តិនឹងគ្នាតាំងពីតូចៗ ឈ្មោះបងយុទ្ធ។ បងយុទ្ធក៏ជាមនុស្សម្នាក់ក្នុងចំណោមមិត្តភក្តិទាំងអស់ដែលដឹងរឿងនេះ។ អ្នកខ្លះក៏ព្រងើយៗមិនសូវគិតច្រើនប៉ុន្មាន តែក៏មានច្រើននាក់ទៀតដែលមិននៅស្ងៀម។
ដោយបងយុទ្ធ គឺជាម្នាក់ក្នុងចំណោមមិត្តភក្តិដែលគិតថារឿងនេះមិនសូវស្រួលនោះ ពេលមានឱកាសត្រឡប់ទៅផ្ទះ បងយុទ្ធក៏លួចទៅប្រាប់ប៉ាម៉ាក់របស់បងរាជ អំពីរឿងរ៉ាវដែលកើតឡើងទាំងអស់។ នៅពេលពួកគាត់បានដឹងអំពីរឿងនេះ ក៏ទទួលអារម្មណ៍មិនសូវសប្បាយចិត្តសោះ ហើយពិភាក្សាគ្នារហូតនាំបងរាជទៅរកគ្រូម្នាក់ ដែលស្និទ្ធស្នាលនឹងផ្ទះនេះស្រាប់ ជាគ្រូដែលអាចជឿជាក់បានថាមិនបោកប្រាសនរណា ដើម្បីយកប្រាក់ដូចដែលធ្លាប់ឃើញពីមុនមកនោះទេ។ បងរាជធ្លាប់ប្រាប់ខ្ញុំថា គ្រូម្នាក់នេះមានអ្នកសច្ចំឈ្មោះអ្វីទេមកចូលរូប តែខ្ញុំចាំមិនច្បាស់។
លុះពេលបងរាជទៅដល់ ហើយនិយាយរឿងរ៉ាវទាំងអស់ឲ្យគ្រូនោះស្តាប់ គ្រូនោះក៏ឆ្លើយប្រាប់នូវរឿងរ៉ាវដែលនរណាៗក៏នឹកមិនដល់ ឲ្យប៉ាម៉ាក់និងបងរាជស្តាប់គួរឲ្យព្រឺរោម។ដោយចាប់ផ្តើមដំបូង គ្រូនេះបាននិយាយពីលក្ខណៈបន្ទប់របស់បងរាជ យ៉ាងច្បាស់លាស់ត្រឹមត្រូវ មិនថាបង្អួចទ្វារ ពណ៌ជញ្ជាំង បន្ទប់ទឹក ក្បាលដំណេក ទូសម្លៀកបំពាក់ ដោយបងរាជជឿយ៉ាងច្បាស់ថា បន្ទប់ដែលគ្រូនេះនិយាយមកទាំងអស់ គឺពិតជាបន្ទប់របស់បងគាត់ប្រាកដណាស់ ហើយបងរាជក៏ជឿស្លុងតែម្តងថា ពេលដែលគ្រូនេះបិទភ្នែក រៀបរាប់ពី លក្ខណៈបន្ទប់នេះឲ្យស្តាប់ គឺទាល់តែគ្រូនេះធ្លាប់ទៅឃើញមកសិន បើមិនដូច្នោះមិនអាចនិយាយបានត្រឹមត្រូវដល់ថ្នាក់នេះនោះទេ។
គ្រូនេះបានប្រាប់ថា បន្ទប់ដែលបងរាជស្នាក់នៅនេះ ធ្លាប់មានមនុស្សស្រីដែលត្រូវគេធ្វើឃាតនៅទីនោះ។ ដួងវិញ្ញាណរបស់នាងមិនទាន់បានទៅកើតថ្មីទេ ដរាបណាមិនទាន់រកអ្នកថ្មីមកជំនួសកន្លែងបាន។ ឯអ្នកថ្មីដែលដួងវិញ្ញាណត្រូវការឲ្យមកជំនួសកន្លែងនោះគឺបងរាជនេះឯង។ នេះជាហេតុផលដែលធ្វើឲ្យគាត់មានអារម្មណ៍ស្រឡាញ់បន្ទប់ និងមិនចង់ទៅណាមកណាខុសប្រក្រតីបែបនេះ។ នៅពេលម្នាក់ៗស្តាប់ឮដូច្នេះ ក៏នាំគ្នាព្រឺឆ្អឹងខ្នងខ្ញាកៗ បះរោមច្រាងគ្រប់ៗគ្នា។
គ្រូដែលចូលរូបនោះ នៅប្រាប់ទៀតថា ពេលដេកបងរាជចូលចិត្តយកកន្សែងពោះគោពណ៌ផ្ទៃមេឃទុកនៅខាងចុងជើងមែនទេ? បងរាជប្រាប់ថា មែន។ គ្រូក៏សួរពីឈុតដេករបស់បងរាជទៀតថា មានឈុតពណ៌ក្រហមមួយសម្រាប់មែនទេ ដែលចូលចិត្តស្លៀកពាក់ញឹកញាប់បំផុត? បងរាជក៏ប្រាប់ថា មានមែន។ គ្រូក៏ប្រាប់ថា… គ្រប់ពេលដែលបងរាជស្លៀកឈុតដេកពណ៌ក្រហមលង់លក់ទៅ វិញ្ញាណនោះចូលចិត្តមកឈរសម្លឹងមើលបងរាជនៅខាងចុងជើង។ គ្រូប្រាប់ថា វិញ្ញាណនោះចេញមកឈរមើលយូរណាស់ ពេលខ្លះនាងក៏ឈ្ងោកមុខចូលទៅជិតស្ទើរតែប៉ះមុខបងរាជ ហើយសម្លក់សម្លឹងដូចចង់ស៊ីសាច់ហុតឈាមទាំងរស់។

បងរាជបានស្តាប់ហើយភ័យយ៉ាងខ្លាំង។ គ្រប់គ្នាក៏សួរគ្រូដើម្បីរកវិធីដោះស្រាយ។ គ្រូប្រាប់ថា បើនៅបន្តទៀតច្បាស់ជាមិនរួចខ្លួនទេ វិញ្ញាណនោះចង់យកទៅថ្ងៃណាក៏មិនដឹង។ ដូច្នេះត្រូវផ្លាស់ចេញជាបន្ទាន់ ឲ្យទៅរកមិត្តភក្តិមកជួយដឹកជញ្ជូនអីវ៉ាន់ចេញ តែពេលទៅជញ្ជូនអីវ៉ាន់ហាមនិយាយឲ្យដឹងថា កំពុងផ្លាស់ចេញជាដាច់ខាត ឲ្យយកអីវ៉ាន់ចេញហើយមិនត្រូវនិយាយថានឹងផ្លាស់ចេញទៅណា ឬអ្វីទាំងអស់។ នៅទីបំផុត គ្រប់គ្នាក៏ធ្វើតាមគ្រូប្រាប់។
បងរាជត្រឡប់មកបន្ទប់ជួលម្តងទៀត ហើយបបួលមិត្តភក្តិទៅជញ្ជូនអីវ៉ាន់ចេញដោយមិននិយាយអ្វីទាំងអស់ សូម្បីតែមួយម៉ាត់។ ម្នាក់ៗនាំគ្នាប្រមូលអីវ៉ាន់រៀងៗខ្លួន ដើរចេញដើរចូលយ៉ាងសស្រាក់សស្រាំ តែគ្មាននរណានិយាយអ្វី។ ខណៈដែលកំពុងប្រមូលរបស់របរនោះ ក៏មានមិត្តបងរាជម្នាក់ដើរទាត់ទ្វារយ៉ាងខ្លាំង រហូតមានឈាមហូរចេញមកផង។ មិត្តម្នាក់នេះមិនដឹងរឿងខ្មោច រឿងវិញ្ញាណអី អំពីបន្ទប់នេះទេ ដឹងត្រឹមថា បងរាជបង្គាប់មិនឲ្យនិយាយ។ ខណៈដែលគាត់ដើរលែងរួចព្រោះឈឺជើង គាត់ក៏អង្គុយមើលមិត្តភក្តិផ្សេងៗទៀតជញ្ជូននេះ ជញ្ជូននោះ ហើយពេលដែលបងរាជដើរមកដល់ មិត្តម្នាក់នេះភ្លេចខ្លួនក៏សួរបងរាជថា «ចុះឯងគិតផ្លាស់ទៅនៅឯណា?»
បងរាជមិនឆ្លើយ ហើយប្រញាប់ជញ្ជូនអីវ៉ាន់ចេញបន្ត រហូតដល់ល្ងាចទើបជញ្ជូនអស់។ បងរាជយកសម្ភារៈទាំងអស់ត្រឡប់ទៅផ្ទះនៅឯខេត្តសិន លុះព្រឹកឡើងក៏ទៅរកគ្រូម្តងទៀត។ នៅមិនទាន់មាននរណានិយាយអ្វីផង គ្រូនោះក៏គំហកដាក់បងរាជយ៉ាងខ្លាំង ប្រាប់ហើយមែនទេ ថាកុំឲ្យនិយាយថាផ្លាស់ចេញ ដឹងឬអត់ ពេលដែលមានមិត្តម្នាក់សួរថាផ្លាស់ទៅនៅឯណា? ពេលដែលពួកឯងនាំគ្នាជញ្ជូនអីវ៉ាន់បន្ត វិញ្ញាណខ្មោចនោះបានចេញមកដើរតាមពីក្រោយគ្រប់ៗគ្នា ហើយរង់ចាំស្តាប់មើលថា ពួកឯងនឹងនិយាយអ្វីបន្តទៀត ហើយទីបំផុតវាក៏ដឹងថា រាជនឹងផ្លាស់ចេញពីទីនោះ បើត្រឡប់ទៅម្តងទៀត វានឹងកាច់កសម្លាប់យ៉ាងប្រាកដ។ គ្រូប្រាប់ថា ឲ្យទៅនិមន្តព្រះសង្ឃមកធ្វើពិធី មុននឹងផ្លាស់ចេញ បើមិនដូច្នោះ អ្នកដទៃដែលមកនៅក្រោយច្បាស់ជាយ៉ាប់មិនខាន។
ថ្ងៃបន្ទាប់មក បងរាជក៏ត្រឡប់មកផ្ទះ ឯមិត្តភក្តិក៏នាំគ្នានិមន្តព្រះសង្ឃទៅធ្វើពិធីនៅបន្ទប់នោះ ហើយគ្រប់យ៉ាងក៏រៀបរយ។ បងរាជទៅនៅជាមួយមិត្តភក្តិនៅបន្ទប់ជួលផ្សេង ហើយមិនធ្លាប់ត្រឡប់ទៅលេងបន្ទប់ជួលចាស់នោះទៀតឡើយ។ ហេតុដែលបងរាជនិយាយឲ្យខ្ញុំស្តាប់ក៏ព្រោះថា គាត់ធ្លាប់សួរខ្ញុំថា ខ្ញុំស្នាក់នៅឯណា? ហើយខនដូដែលខ្ញុំស្នាក់នៅនោះ គឺជាខនដូដែលបងរាជធ្លាប់ស្នាក់នៅនោះឯង។
ប្រាកដណាស់ ខ្ញុំបានផ្លាស់ទៅនៅខនដូថ្មីជាបន្ទាន់ មិនមែនតែខ្ញុំទេ គឺគ្រប់គ្នាដែលជាមិត្តភក្តិរបស់ខ្ញុំ ក៏នាំគ្នាផ្លាស់ចេញទាំងអស់គ្នា។ រហូតនៅទីបំផុត ខនដូនោះស្ទើរតែលែងមានមនុស្សរស់នៅ ដោយបំណងល្អរបស់ពួកខ្ញុំ ដែលទៅប្រាប់ឲ្យគ្រប់គ្នា ដឹងពីប្រវត្តិដើមទង របស់ខនដូដែលមានវិញ្ញាណខ្មោចស្រីសណ្ឋិតនៅនោះ។ ដូច្នេះតើមាននរណាហ៊ាននៅទៀត? គ្រប់គ្នាក៏ផ្លាស់មកនៅខនដូថ្មីមួយកន្លែងទៀតជំនួសវិញ។ ខនដូនោះក៏នៅជិតគ្នានេះដែរ តែគ្មានវិញ្ញាណព្យាបាទមកតាមយាយី។

ខនដូមួយមានមនុស្សជួលនៅពេញ ស្ទើរតែត្រូវកក់កន្លែងបណ្តាក់គ្នានៅ។ ឯខនដូមួយទៀតស្ងាត់ច្រៀបគ្មានមនុស្សជួលនៅ។ ខនដូមួយកក់កបមានបានរហ័សទាន់ចិត្ត ឯខនដូមួយទៀតស្រកស្រុតក្ស័យធន់រង់ចាំតែថ្ងៃដួលរលំ។
Post a Comment