សហ​រដ្ឋ​អាមេ​រិក​ «បើក​ការស៊ើ​បអង្កេត​លើ ការចាប់​​ឃុំពលរ​ដ្ឋរប​ស់ខ្លួន​នៅកូ​រ៉េខាងជើង» ​ខណៈស​ង្គ្រាមស​ម្តីរវាងប្រ​ទេសទាំ​​ងពីរកំពុ​ងតា​នតឹង​ខ្លាំង!​😳😳

WhatsApp Image 2017-04-25 at 1.38.38 PM



វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកំពុងបើកការស៊ើបអង្កេត ជុំវិញសេចក្ដីរាយការណ៍ដែលថា ពលរដ្ឋរបស់ខ្លួនទី០៣ ត្រូវបានកូរ៉េខាងជើងចាប់ខ្លួនកាលពីសប្ដាហ៍មុន ខណៈមូលហេតុនៃការចាប់ខ្លួន ពុំទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយទេ។ ព្រមពេលជាមួយគ្នាទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ខ្លួននឹង មិនអនុញ្ញាតឱ្យទីក្រុងព្យុងយ៉ាង ប្រើប្រាស់ការចាប់ខ្លួននេះទុកជម្រិតឲ្យមានការចរចាគ្នានោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។


យោងតាមក្រុមមន្ត្រីកូរ៉េខាងត្បូង ពលរដ្ឋអាមេរិកដើមកំណើតកូរ៉េម្នាក់ ដែលត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមេសា មានឈ្មោះថា Tony Kim ឬ Sang-duk Kim អាយុប្រហែល២០ឆ្នំា ហើយរូបគេត្រូវបានឃាត់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងព្យុងយ៉ាង អំឡុងពេលត្រៀមចាកចេញពីប្រទេសកុម្មុយនីស្ដមួយនេះ បន្ទាប់ពីបានបំពេញការងារជាគ្រូបង្រៀន អស់រយៈពេលជាច្រើនសប្ដាហ៍នៅឯសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងព្យុងយ៉ាង (PUST)។


លោក Tony Kim ក៏ធ្លាប់ធ្វើការងារជាសាស្រ្តាចារ្យ នៅឯសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ Yanbian ក្នុងប្រទេសចិន មុននឹងក្លាយជាអ្នកដឹកនាំសកម្មភាពជំនួយមនុស្សធម៌សម្រាប់កូរ៉េខាងជើង។


គួរបញ្ជាក់ថា លោក គីម គឺជាពលរដ្ឋអាមេរិកទី០៣ហើយ ត្រូវបានចាប់ឃុំខ្លួននៅកូរ៉េខាងជើង បន្ទាប់ពី លោក Kim Dong-chul និងនិស្សិតអាមេរិក ម្នាក់ទៀតឈ្មោះ Otto Warmbier ដែលត្រូវបានកាត់ទោស និងឃុំខ្លួនពីបទចោទប្រកាន់ថា បានធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល លោក គីម ជុងអ៊ុន។ ដោយឡែក ក្រុមអ្នកជំនាញលើសំណុំរឿងកូរ៉េខាងជើងមួយចំនួនយល់ថា ទីក្រុងព្យុងយ៉ាង អាចនឹងប្រើការចាប់ខ្លួនពលរដ្ឋអាមេរិក ដើម្បីចរចាជាមួយសហរដ្ឋអាមេរិកនៅថ្ងៃណាមួយ។


ទោះបីជាយ៉ាងនេះក្ដីអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley បានអះអាងថា សហរដ្ឋអាមេរិក នឹងមិនបណ្ដោយឱ្យទីក្រុងព្យុងយ៉ាង យកការចាប់ខ្លួនពលរដ្ឋរបស់ខ្លួន ទុកចរចាជាដាច់ខាត ហើយថាកិច្ចចរចាអាចធ្វើទៅបាន ដរាបណាកូរ៉េខាងជើង មានសុច្ឆន្ទៈបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ៕


WhatsApp Image 2017-04-25 at 1.38.38 PM


WhatsApp Image 2017-04-25 at 1.38.39 PM


WhatsApp Image 2017-04-25 at 1.54.45 PM

No comments