កូរ៉េខាងជើង បាញ់មីស៊ីលជាថ្មី ដើម្បីអបអរជំនួបស៊ីជិនពីង-ដូណាល់ត្រាំ ?😱😳

ស្ទើរតែជារៀងរាល់ពេលមានជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិក ចិន ជប៉ុន ឬ កូរ៉េខាងត្បូង ម្តងៗ កូរ៉េខាងជើងតែងសម្តែងមហិទ្ធិរិទ្ធយោធារបស់ខ្លួនជានិច្ច។ នៅថ្ងៃស្អែក ប្រធានាធិបតីចិនស៊ីជិនពីង និងលោកដូណាល់ ត្រាំ ត្រូវបើកជំនួបពិភាក្សាការងារជាលើកដំបូង នៅសហរដ្ឋអាមេរិក ដែលប្រធានបទគំរាមកំហែងនុយក្លេអ៊ែរកូរ៉េខាងជើងស្ថិតក្នុងរបៀបវារៈប្រជុំផង សម្រាប់តែនៅថ្ងៃពុធនេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល បាលីស្ទិក ជាថ្មីទៀត ដោយតម្រង់ទិសទៅរកសមុទ្ទជប៉ុន។ តើនេះជារបៀបគួរសមរបស់ព្យុងយ៉ាងឬ ?!
មីស៊ីលដែលកូរ៉េខាងជើង បានបាញ់ចេញពីនាវាមុជទឹក នៅកំពង់ផែឆ្នេរខាងកើត ឆ្ពោះទៅខាងជប៉ុន ថ្ងៃនេះ អាចហោះឡើងបានកម្ពស់១៨៩គីឡូម៉ែត្រ ហើយរត់បានចម្ងាយប្រមាណ៦០គីឡូម៉ែត្រ មុនធ្លាក់ក្នុងសមុទ្ទជប៉ុន។ ជាប្រភេទមីស៊ីលចម្ងាយមធ្យម KN-១៥។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារកូរ៉េខាងត្បូង និងមេបញ្ជការអាមេរិក។
ជប៉ុនបានបញ្ចេញប្រតិកម្មប្រឆាំងខ្លាំង និងបានធ្វើការបរិហារថាជាទង្វើបង្កបញ្ហាបំផុត។ កូរ៉េខាងត្បូងវិញ បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់។ ឯចំណែកអាមេរិកបានចេញសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយ ថា មិនធ្វើអត្ថាធិប្បាយថ្មីបន្ថែមទេ អាមេរិកបាននិយាយគ្រប់គ្រាន់ហើយ។
អាមេរិកដែលកាលពីថ្ងៃចន្ទ តាមរយៈសារព័ត៌មាន Financial Time បានផ្សព្វផ្សាយថាប្រធានាធិបតី ដូណាល់ ត្រាំ ត្រៀមចាត់វិធានការលើកម្មវិធីនុយក្លេអ៊ែរ កូរ៉េខាងជើង ជាឯកតោភាគីដោយមិនរង់ចាំជំនួយពីចិនទេ។ នៅថ្ងៃព្រហស្បតិ៍ស្អែក លោក ដូណាល់ ត្រាំ ត្រូវទទួលជួបលោក ស៊ីជីនពីង នៅសហរដ្ឋអាមេរិក។ ជាជំនួបលើកដំបូងដ៏សំខាន់ តែប្រលាក់ប្រលូសទៅដោយសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងនេះតែម្តងផង។ ព្រោះលោកដូណាល់ ត្រាំ យល់ថាចិនជាកូនសោនៃដំណោះស្រាយ តែមិនបានធ្វើគ្រប់គ្រាន់ដើម្បីលាបញ្ហា។
ដូច្នេះហើយបានជាគេយល់ថាព្យុងយ៉ាងបាញ់មីស៊ីលផ្គើនជំនួបកំពូលនេះផង តែក៏ជាឱកាសសម្រាប់កូរ៉េខាងជើងខ្លួនឯងផ្ទៀងផ្ទាត់សមត្ថភាពមីស៊ីល។ កូរ៉េខាងជើងមានមហិច្ឆតាអភិវឌ្ឍន៍កម្មវិធីមីស៊ីលអន្តរទ្វីប អាចពាំក្បាលនុយក្លេអ៊ែរ បាញ់ដល់ទឹកដីអាមេរិក។ បើតាមអ្នកវិភាគរបស់វិបសៃត៍ ៣៨-North កូរ៉េខាងជើងកំពុងតែត្រៀមបាញ់សាកល្បងនុយក្លេអ៊ែរជាលើកទី៦ផង៕
Post a Comment