អាជ្ញាធរក្រុងបាងកក ហាមឃាត់លែងឲ្យមាន ការលក់ដូរអនាធិបតេយ្យតាមចិញ្ចើមផ្លូវ😱😱

អាជ្ញាធរក្រុងបាងកក ទើបបានប្រកាស នៅថ្ងៃអង្គារទី ១៨មេសានេះថា ចាប់ពីពេលនេះទៅ ការលក់ដូរអនាធិបតេយ្យនៅតាមចិញ្ចើមផ្លូវសំខាន់ៗ ក្នុងទីក្រុងបាងកក នឹងត្រូវហាមឃាត់។ ការធ្វើដូចនេះ គឺដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ ធានាឲ្យមានអនាម័យ ព្រមទាំងរំដោះចិញ្ចើមផ្លូវ បញ្ចៀសការកកស្ទះចរាចរណ៍។ នេះបើតាមការអះអាងរបស់សាលាក្រុងបាងកក។ តែយ៉ាងណា មតិរិះគន់ បានលើកឡើងពីផលប៉ះពាល់ ដល់វិស័យទេសចរណ៍ ដោយសារតែវិធានការនេះ។
លោក វ៉ាន់លប់ ស៊ុវ៉ាន់ឌី ទីប្រឹក្សាអភិបាលក្រុងបាងកក បានបញ្ជាក់ថា ការលក់ដូរទាំងអស់ មិនថាចំណីអាហារ សំលៀកបំពាក់ ផលិតផលក្លែងក្លាយ ដែលដាក់តាំងនៅតាមតូប រឺកន្ទេលនៅតាមចិញ្ចើមវិថីសំខាន់ៗ ក្នុងក្រុងបាងកក នឹងត្រូវហាមឃាត់ ចាប់ពីពេលនេះទៅ។ មន្ត្រីសាលាក្រុងបាងកករូបនេះ បានលើកឡើងបន្ថែមថា ការហាមឃាត់នេះ គឺដោយយោងទៅលើកត្តាជាច្រើន ដូចជាកត្តាអនាម័យចំពោះចំណីអាហារដែលលក់តាមចិញ្ចើមថ្នល់ កត្តាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការធ្វើឲ្យកកស្ទះចង្អៀត ចិញ្ចើមផ្លូវ ពិបាកដល់អ្នកដំណើរថ្មើរជើង។
ខាងអាជ្ញាធរក្រុងបាងកក បានបញ្ជាក់ថា មានតូបលក់ដូរប្រមាណជា២ភាគ៣ នៃតូបលក់ដូរទាំង៣ម៉ឺនកន្លែង ត្រូវបានគេចុះទៅរុះរើរួចរាល់ហើយ។ សូមបញ្ជាក់ថា កាលពី២ឆ្នាំមុននេះ សាលាក្រុងបាងកក បានលើកឡើងថា មានតូបលក់ដូរអនាធិបតេយ្យ ទាំងអស់ ចំនួន២ម៉ឺនតូប ដែលបានចុះបញ្ជីរត្រឹមត្រូវ។ ក៏ប៉ុន្តែបើតាមការស្រង់ស្ថិតិ កាលពីឆ្នាំ២០០០ តូបលក់ដូរនៅតាមចិញ្ចើមផ្លូវក្រុងបាងកក មានដល់ទៅ៤សែនកន្លែង។
យ៉ាងណាក៏ដោយ វិធានការហាមឃាត់ និងរុះរើតូបលក់ដូរតាមចិញ្ចើមផ្លូវនេះ មិនត្រូវបានគ្រប់គ្នាអបអរសរសើរទេ។ មន្ត្រីការិយាល័យទេសចរណ៍ក្រុងបាងកក បានលើកឡើង អំពីផលប៉ះពាល់ដល់វិស័យទេសចរណ៍។ ជាការពិត ការលក់ដូរតាមចិញ្ចើមថ្នល់ គឺបង្ករឲ្យមានការប៉ះពាល់ខ្លះ ដល់សណ្តាប់ធ្នាប់សាធារណៈ ក៏ប៉ុន្តែភាពអ៊ូអរ មនុស្សម្នា ទិញដូរ ញ៉ាំចំណីតាមចិញ្ចើមផ្លូវនេះហើយ ដែលជាមន្តស្នេហ៍ពិសេសរបស់ទីក្រុងបាងកក។ គឺភាពសាមញ្ញទាំងនេះហើយ ដែលធ្វើឲ្យទេសចរណ៍បរទេសចូលចិត្តមកកម្សាន្ត និងស្រលាញ់ក្រុងបាងកក។
សូមបញ្ជាក់ថា ទីក្រុងបាងកក ដែលមានមនុស្សរស់នៅកកកុញប្រមាណជា១២លាននាក់ មានទាំងអ្នកក្រ អ្នកមានជីវភាពមធ្យម និងអ្នកមានមហាសេដ្ឋីកប់ពពក។ សម្រាប់ពួកអ្នកមានថ្លៃថ្នូរ គេតែងតែចង់បានទីក្រុងដែលស្អាតភ្លឹង ដោយយកគំរូតាមទីក្រុងសឹង្ហបុរី។ ប៉ុន្តែសម្រាប់អ្នកដែលមានជីវភាពខ្សត់ខ្សោយ គឺការលក់ដូរ ញ៉ាំម្ហូបចំណីតាមចិញ្ចើមផ្លូវនេះហើយ ដែលជាជីវភាពសាមញ្ញរបស់ពួកគេ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ គេអាចសង្កេតឃើញពីគោលនយោបាយ របស់រដ្ឋាភិបាលយោធាថៃ ដែលមានបំណងបោសសំអាត ផាត់ក្រេមលាបម្សៅ ធ្វើឲ្យថៃក្លាយជាប្រទេសល្អឥតខ្ចោះ។ ការហាមឃាត់ការលក់ដូរតាមចិញ្ចើមថ្នល់ ក៏ជាផ្នែកមួយនៃគោលនយោបាយនេះដែរ។ តែផ្ទុយទៅវិញ នៅទីក្រុងប៉ាតាយ៉ាឯណោះ បនស្រីបេស្យា ការជួញដូរគ្រឿងញៀន និងអំពើអនាចារគ្រប់ធន ត្រូវបានអាជ្ញាធរថៃ បើកដៃឲ្យដំណើរការយ៉ាងចំហរ៕
Post a Comment