ដេកជាមួយគ្នាមួយយប់ ទើបដឹងថានាង មិនមែនជាមនុស្ស.......😥💀😭

ឆ្នាំ2010ជាឆ្នាំដែលខ្ញុំនិងប្អូនជីដូនមួយខ្ញុំប្រលងបាក់ឌុបហើយត្រូវឡើងមករៀនបន្តនៅសកលវិទ្យាល័យជាមួយពូមីងតែដោយស្នាក់នៅផ្ទះជួលច្រើននាក់ពិបាកពេក ខ្ញុំក៏សម្រេចចិត្តជួលផ្ទះផ្សេងតែម្នាក់ឯង។
សប្បាយម្យ៉ាងដែរ រស់នៅមិនបាច់ខ្វល់ពីអ្នកដទៃ ចង់គេងដល់ថ្ងៃក៏មិនឈឺក្បាល តែក៏លួចស្រណោះខ្លួនម្តងម្កាលដែរ ព្រោះនឹកសម្លាញ់ចាស់ៗ សុីបាយជុំគ្នា យប់ឡើងនាំគ្នាសីុត្រាវ😁 ជាពិសេសរឿងខ្មោច💀 តែខ្ញុំមិនដែលជឿទេ អាខ្មោចលងពិតនោះ ។
ផ្ទះខ្ញុំជាផ្ទះជួលជាន់ទីបី ម្តុំសន្ធរម៉ុក ផ្ទះមិនថ្មីមិនចាស់ សមនឹងតំលៃ ៥០ដុល្លារដែលប៉ាម៉ាក់ខំរកទាំងលំបាក។ ម្ចាស់ផ្ទះចិត្តល្អណាស់ អោយតែព្រឹកឡើងមិនទាន់ទេ ដាស់ខ្ញុំផ្កាច់ផ្កិន ព្រោះផ្ទះគាត់លក់ចាប់ហួយ ហើយម៉ូតូខ្ញុំទុកទើសកន្លែងគាត់លក់ដូរ។ គាត់ជាស្រីមាត់ដាច តែចិត្តល្អ គាត់តែងហៅខ្ញុំញាំុបាយផ្ទះគាត់ជារឿយៗ ហើយខ្ញុំក៏មិនកំណាញ់នឹងពាក្យអរគុណដែរ ដូចនេះហើយទើបកូនស្រីគាត់ចូលចិត្តខ្ញុំ នាងឈ្មោះម៉ានីជាកូនទោល ស្អាតហើយ រួសរាយ តែភ្នែកតូចៗបន្តិចព្រោះជាប់ស្រឡាយចិន។
ពេលវ៉ាកងមកដល់ ខ្ញុំក៏ទៅលេងស្រុកមួយរយៈតែមិនហ៊ានទៅយូរទៀតទេខ្លាចខាតពេលរៀនហើយក៏នឹកដល់ម៉ានីសំណព្វចិត្តខ្ញុំដែរ ។ ជីវិតដូចជាស្រស់ស្រាយដល់ហើយ រឺក៏ខ្ញុំមានស្នេហា? នឹកនាង រហូតភ្លេចប៉ាម៉ាក់អស់ហើយ ប្រញាប់មកភ្នំពេញពេកសូម្បីលុយក៏ភ្លេចយកតាមមកដែរ។
ខ្ញុំមកដល់ផ្ទះជួលម៉ោង៧យប់ទៅហើយ ផ្ទះស្ងាត់ដូចចោរលួចសេះ សំណាងហើយដែលមានសោរ។ ដល់បន្ទប់ ខ្ញុំក៏ទ្រេតខ្លួនលើគ្រែភ្លែតតែម្តង តែក៏លឺសំលេងគោះទ្វារ ខ្ញុំភ្ញាក់ឡើងក្រញ៉ង ខ្ញុំស្រែកសួរថានរណាគេ? សំលេងបញ្ជាក់ថាជា កូនស្រីម្ចាស់ផ្ទះ ខ្ញុំក៏បើកទ្វារ ឃើញនាងកំពុងយំ នាងប្រាប់ថា សង្សារនាងក្បត់នាង នាងអស់អ្វីគ្រប់យ៉ាង សូមខ្លួនប្រាណ ខ្ញុំគ្មានពាក្យអ្វីក្រៅពីពាក្យលួងលោមនាងទេ(ព្រោះលួចស្រឡាញ់នាងដែរតែចង្រៃយ៎អាមួយនោះវាសីុបាត់😓) តែខ្ញុំដូចជាឆ្ងល់ថានាងដូចជាចំលែកៗអោនមុខចុះរហូត សក់ដូចអត់ដែលសិតហើយមុខស្លាំងនិយាយដាច់ៗ។ ពួកយើងនិយាយគ្នារហូតដល់ខ្ញុំមិនដឹងខ្លួនថាគេងលក់តាំងពីកាលណា។

ព្រឹកឡើងសំលេងគោះទ្វារបន្លឺឡើងម្តងទៀត ខ្ញុំក្រោកបើកទ្វារយ៉ាងស្ពឹកទំនងខ្ចិលស្រាប់តែឃើញបុរសពីរនាក់ក្នុងឯកសណ្ឋានជាប៉ូលីស មុខមាំ សម្លឹងមកខ្ញុំចង់ជ្រុះគ្រាប់ភ្នែក។ ពួកគេបានសាកសួរជាច្រើនសំនួរទាក់ទងនឹងអំពើឃាតកម្ម សំលាប់ទាំងគ្រួសារប៉ុន្មានថ្ងៃមុនទាំងខ្ញុំមិនដឹងអ្វីសោះ ប៉ូលិសមកសួរខ្ញុំព្រោះខ្ញុំស្និតស្នាលជាមួយម្ចាស់ផ្ទះជាងគេ ក្រោយពីសាកសួររួចរាល់ ពួកគេក៏ចេញទៅវិញ។
ពុទ្ធោអើយខ្ញុំទើបតែដឹងរឿងឃាតកម្មសំលាប់ម្ចាស់ផ្ទះជួលខ្ញុំសោះព្រោះសម័យនោះគ្មានព័ត៌មានទូលំទូលាយដូចសព្វថ្ងៃនេះទេដោយសារតែខ្ញុំទៅលេងស្រុកព្រោះសាលាវ៉ាកងយូក្រែលដែរ។ សាកសពម្ចាស់ផ្ទះ ស្លាប់ដោយកាប់ចិញ្ច្រាំនឹងកាំបិតតាំងតោស្ទើដាច់ករ ឯសាកសពម៉ានីស្លាប់ដោយចងកស្ទើលៀនភ្នែកនាម៉ោង ៦:២៥ នាទី ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០១០ ៣ថ្ងៃមុនខ្ញុំមកពីស្រុក សាកសពស្លាប់៣ថ្ងៃហើយទើបមានអ្នកដឹងព្រោះគាត់ជាស្រីមេម៉ាយរស់នៅតែ២នាក់ម៉ានី ដំណឹងនេះខ្ញុំតក់ស្លុតណាស់ ។
ខ្ញុំមិនដែលឃើញខ្មោចជួបខ្មោចឥឡូវខ្ញុំចាប់ផ្តើមខ្លាចហើយ ព្រោះវាស្តែងពេកណាស់។ ថ្ងៃមួយពេលខ្ញុំចេញពីរៀនល្ងាចបន្តិចខ្ញុំរៀបចាក់សោចូលផ្ទះតែពេលក្រឡេកទៅក្រោមជណ្តើរផ្ទះតាមប្រឡោះខ្ញុំឃើញខ្មោចមីងភាម្តាយម៉ានីឈរមើលមកខ្ញុំ ខ្លួនគាត់សុទ្ធតែឈាមជោគ ហើយក្បាលធ្លាក់មកត្រឹមស្មា បើកភ្នែកធំៗសំលឹងមកខ្ញុំ ខ្ញុំភ្ញាក់ព្រើតប្រញាប់ប្រញាល់ចាក់សោចូលផ្ទះទាំងញ័រដៃ។ ពេលយប់ឡើងស្រមោលស្ទុងៗបានហោះកាត់តាមបង្អួចបន្ទប់ខ្ញុំសឹងតែរាល់យប់ ជួនកាលលឺសំលេងយំ ជួនកាលពេលដេកសុខៗលឺសំលេងហៅឈ្មោះខ្ញុំល្វើយៗ។ មានថ្ងៃមួយខ្ញុំពេលខ្ញុំត្រឡប់មកពីជប់លៀងខួបអ្នករៀនជាមួយ ខ្ញុំគិតថាមិនចង់មកផ្ទះជួលវិញទេតែដោយសារស្អែកត្រូវរៀបចំប្រលងទើបខ្ញុំកាត់ចិត្តមកផ្ទះជួលវិញវេលាម៉ោង៩យប់ ពេលឡើងជណ្តើរខ្ញុំមានអារម្មណ៍ថាត្រជាក់ឆ្អឹងខ្នង តែខ្ញុំនៅតែតាំងចិត្តអោយបានថាកុំអោយខ្លាចនិងកុំងាកក្រោយ ខ្ញុំផ្លោះជណ្តើរឡើងម្តង១កាំស្រាប់តែស្រមោលស្ទុងៗអង្គុយនៅកៀនបង្កាន់ដៃខ្ញុំគិតថាប្រហែលជាអ្នកទើបមកជួលថ្មីព្រោះសល់បន្ទប់មួយក្បែរបន្ទប់ខ្ញុំដែរមិនទាន់មាននរណាជួលទេ ខ្ញុំស្រែកសួរនរណាគេ? មិនលឺសំលេងឆ្លើយខ្ញុំក៏ដើរទៅមើលនាងក៏បែរមកខ្ញុំពុទ្ធោគឺខ្មោចម៉ានីភ្នែកប៉ុនពងមាន់ លៀនអណា្តតប្រវែងណាណីដាក់ខ្ញុំ ដូចពេលនាងស្លាប់អ៊ីចឹង ខ្ញុំស្រែកវ៉ាសរត់ចេញពីនោះយ៉ាងលឿន រត់គ្មានងាកក្រោយហើយខលទៅសុំផ្ទះមិត្តភក្តិដេកមួយយប់។

មួយសប្តាហ៍ក្រោយមកលទ្ធផលស៊ើបអង្កេតបានបង្ហាញថា អ្នកទាំងពីរស្លាប់ដោយអំពើឃាតកម្ម ដោយប្រព្រឹត្តដោយជនល្មើសឈ្មោះ ស.ស.វ ភេទប្រុស អាយុ ១៩ឆ្នាំ ជានិស្សិត ហើយត្រូវជាសង្សារបស់ម៉ានី។ នាថ្ងៃកើតហេតុជនល្មើស និងជនរងគ្រោះបានមកដល់ផ្ទះកើតហេតុ ក៏មានរឿងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយម្តាយជនរងគ្រោះ បានស្តីបន្ទោស និងគម្រាមប្តឹងពីបទធ្វើអោយកូនស្រីគាត់មានផ្ទៃពោះ… ការឈ្លោះប្រកែកកាន់តែធ្ងន់ធ្ងររហូតធ្វើអោយយុវជនឈាមរាវ ហ៊ានសម្លាប់មីងម្ចាស់ផ្ទះ និងសម្លាប់សង្សារខ្លួន ហើយយកសពទៅព្យួនឹងខ្សែដើម្បីបំបិទភស្តុតាង។ អ៊ីចឹងហើយទើបថ្ងៃនោះខ្ញុំអាចចាក់ទ្វារចូលផ្ទះបាន ព្រោះជនល្មើសបានចាក់សោរពីក្រៅផ្ទះមុននឹងរត់គេចខ្លួន។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំដូរផ្ទះជួលថ្មីហើយព្យាយាមទៅវត្តឧទ្ទិសអោយម៉ានីដើម្បីកុំអោយព្រលឹងនាងមកយាយីខ្ញុំទៀត…..។
Post a Comment