កុំសូវហ៊ានធ្វើការ OT ថែមម៉ោងម្នាក់ឯង ដល់យប់ៗពេក! ប្រយ័ត្នចេញពីធ្វើការមកជួប…😵😂



យប់នោះ… ជាយប់ដែលខ្ញុំខ្លាចបំផុតនៅក្នុងជីវិត ព្រោះវាជាយប់ស្ងាត់ដែលគ្មានមនុស្សធ្វើដំណើរទៅណាមកណាឡើយ គឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលនៅងប់ងល់នឹងការងារបន្ថែមម៉ោងតែម្នាក់ឯង ។ ពេលនោះជាពេលរំលងអធ្រាត្រទៅហើយផ្លូវមួយខ្សែដែលខ្ញុំកំពុងឈរនេះមិនសូវមានមនុស្ស ឆ្លងកាត់ ប៉ុន្មានទេបើមានក៏មានតែរថយន្តដែលដឹកបន្លែផ្លែឈើមកពីតាមខេត្តឆ្ងាយៗប៉ុណ្ណោះហើយយូរៗទើបគេឃើញមានរត់ទៅមកមួយៗ។

ផ្លូវនៅមុខរោងចក្រដែលខ្ញុំធ្វើការនេះ មានហេតុការណ៍ដែលមិនគួរកើតឡើង ច្រើនលើកច្រើនសារមកហើយ រថយន្តខ្លះបើកមកភ្លូក ក្រឡាប់ងាប់មនុស្សទាំងឡានៗ ខ្លះបើកបុកមនុស្សងាប់ស្រស់ៗ មានអ្នកដំណើរខ្លះមិនប្រយ័ត្ន របូតដៃធ្លាក់ពីលើរថយន្តឈ្នួល ហើយត្រូវឡានមកពីក្រោយកិនស្លាប់ក៏មាន… រហូតពេលនេះ ផ្លូវកន្លែងនេះត្រូវបានគេនាំគ្នាហៅថា ផ្លូវជើងកបទៅហើយ។ នៅមិនទាន់អស់ទេ!… មានហេតុការណ៍ខ្លះ ខ្ញុំឮគេនិយាយល្បីតៗគ្នា តែខ្ញុំមិនធ្លាប់ឃើញផ្ទាល់ភ្នែកសោះ លុះដល់យប់មួយ អ្វីដែលខ្ញុំធ្លាប់ឮគេនិយាយនោះ ក៏បានកើតឡើងលើរូបខ្ញុំ។


ពេលនោះជាពេលដែលខ្ញុំ ដល់ម៉ោងចេញពីធ្វើការល្មម មិត្តភក្តិភាគច្រើនក៏នាំគ្នាត្រឡប់ទៅផ្ទះបាត់អស់ មានតែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលត្រូវនៅធ្វើការវេនយប់ ជំនួសមិត្តភក្តិបន្ត។ខ្ញុំបានទទួលពាក្យពីមិត្តម្នាក់យ៉ាងពេញ មាត់ថា នឹងធ្វើការជំនួស ដោយមិនប្រកែកអ្វីមួយម៉ាត់សោះ ព្រោះគិតថាការងារនោះជាការងារបន្ថែមម៉ោងដែលនឹងទទួលបានប្រាក់ ច្រើនជាងពេលធម្មតា។ នៅពេលចប់ការងារ ខ្ញុំក៏មកឈរចាំម៉ូយម៉ូតូឌុប នៅត្រង់ផ្លូវដែលគេល្បីថា មានជើងកបនោះ។ ឈរចាំបានមួយសន្ទុះធំ ខ្ញុំក៏ឮសំឡេងឆ្កែលូ ចេញពីថ្នល់ម្ខាងទៀតល្វើយៗ។ ដំបូងខ្ញុំមិនបានគិតអ្វីច្រើនទេតែពេលឈរចាំយូរៗទៅ ស្រាប់តែមានសំឡេងមួយស្រែកហៅ សំឡេងនោះ ឮស្អកស្អាង៉ុលៗដូចគ្មានកំឡាំងស្រែក។

ខ្ញុំចេះតែនឹកប្លែកចិត្តខ្លាំងឡើងៗ… តើនរណាមកស្រែកហៅអីនៅពេលនេះ? ងាកទៅមើលក៏មិនឃើញមានអ្វី…។ ខ្ញុំក៏គិតថា ត្រចៀកខ្លួនឯង ប្រហែលជាស្តាប់ច្រឡំហើយ តែសំឡេងឆ្កែលូនៅតែបន្តឮដដែល រហូតធ្វើឲ្យកន្លែងនោះ មានតែសំឡេងឆ្កែលូបណ្តាក់គ្នាលាន់រងំ។

រំពេចនោះខ្ញុំក៏ក្រឡេកឃើញមនុស្សម្នាក់ កំពុងដេកថ្ងូដោយក្តីឈឺចាប់ មានអាការៈដូចត្រូវរថយន្តបុក ហើយដួលដេកនៅលើថ្នល់តែម្នាក់ឯង ដោយឥតមានអ្នកឃើញ។ តែគិតយូរៗទៅដូចជាមិនគួរនឹងទៅរួច ព្រោះយប់ស្ងាត់អ៊ីចឹង នៅតាមផ្លួវនេះក៏មិនសូវមានរថយន្ត បើកឆ្លងកាត់ប៉ុន្មានដែរ គឺយូរៗម្តងទើបមានមួយគ្រឿងបើកឆ្លងកាត់។ ទោះឆ្ងល់យ៉ាងនេះ ខ្ញុំក៏នៅតែដើរយ៉ាងប្រញាប់ ទៅត្រង់កន្លែងដែលមានមនុស្សដេកស្រែកថ្ងូនោះ។ ដើរបណ្តើរគិតបណ្តើរ ស្រាប់តែមនុស្សនោះក៏រលាយបាត់ទៅ!!!

ខ្ញុំយកដៃញីភ្នែកមើលក៏មិនឃើញមានអ្វី ភ្នែកអាចនឹងស្រវាំងក៏ថាបាន ព្រោះខ្ញុំក៏មមីរភ្នែកងោកងុយខ្លាំងណាស់ដែរ។ តែប៉ុន្មាននាទីតមកទៀត សំឡេងថ្ងូរល្វើយៗ ក៏ឮឡើងម្តងទៀត។ ពេលខ្ញុំក្រឡេកទៅមើល ខ្ញុំក៏ឃើញបុរសដដែលនោះ រមួលខ្លួនអែនអនដោយក្តីឈឺចាប់។ ខ្ញុំសម្រេចចិត្តទាំងប្រថុយប្រថាន ដើរឆ្ពោះទៅកាន់បុរសនោះ តែលើកនេះមិនឃើញមានអ្វីប្លែកដូចលើកមុនទេ។




ពេលខ្ញុំទៅចាប់បង្វែររាងកាយ ដែលដេកស្តូកស្តឹងនោះមកមើល… ភ្ញាក់ព្រើត!!! ដូចត្រូវខ្សែភ្លើងឆក់ ខ្ញុំអុកគូទដាច់ផ្ងារមកក្រោយភ្លាមៗ ព្រោះឃើញមុខមាត់បុរសនោះរយះរយាយស្អុយរលួយ ហើយប្រឡាក់ប្រឡូកសុទ្ធតែឈាម ប្រឡង់ភ្នែកប្រហោងឃ្លូ ធ្លាក់គ្រាប់ភ្នែកស្តាកមកក្រៅ ដង្កូវប៉ុនៗម្រាមដៃវាររគើមចោះរវើក ពេញដំបៅគួរឲ្យខ្លាច។ ពេលខ្ញុំដួលដាច់ផ្ងារមកក្រោយ បុរសនោះក៏ស្ទុះអង្គុយភ្លែត ញញឹមស្ញេញដាក់ខ្ញុំ តែអត់ឃើញមានធ្មេញសោះ ឃើញតែឈាមក្រហមច្រាលហៀរគខ្លាក់ពេញមាត់ទាំងអស់។ ទន្ទឹមគ្នានោះ ពោះបុរសនោះក៏ចាប់ផ្តើមប្រេះធ្លាយពោះវៀនចេញមកក្រៅទាំងអស់ ហើយក្បាលក៏ដាច់ធ្លាក់រមៀលតុកៗ… មករកខ្ញុំ។ ពេលឃើញដូចនោះ ខ្ញុំភ័យតក្កមាយ៉ាងខ្លាំង ខំបង្ហើបមាត់ប្រឹងស្រែកឲ្យគេជួយ តែមិនដឹងមានអ្វីមកស្ទះបំពង់ក ធ្វើឲ្យខ្ញុំស្រែកមិនឮសោះ… ដល់ទៅជាដូច្នោះ ខ្ញុំក៏កាន់តែភ័យរន្ធត់ខ្លាំងឡើងៗ ចង់ងើបរត់ចេញពីទីនោះក៏ងើបមិនរួច…។ ភ្លាមៗនោះ ខ្លួនខ្មោចដែលអត់ក្បាល ក៏វារជើងបួនគើមៗមករកខ្ញុំ… មិនបានប៉ុន្មានផង ខ្មោចនោះក៏ស្ទុះសង្រ្គប់ឱបខ្ញុំជាប់យ៉ាងណែន ធ្ងន់ដូចភ្នំថ្មសង្កត់ ខ្ញុំក៏សន្លប់បាត់ស្មារតីតាំងពីពេលនោះទៅ…

លុះព្រឹកឡើង មេឃនៅងងឹតល្អះៗនៅឡើង ក៏មានអ្នកបោសសំរាមតាមថ្នល់មកអង្រួនដាស់ខ្ញុំ ៖

«ក្មួយ!… ក្មួយ!… ហេតុអីមកដេកនៅទៅនេះ? ក្មួយស្រវឹងស្រាឬ?»

«អត់ទេ!… » ខ្ញុំឆ្លើយទៅគាត់ ទាំងភ្នែកពុំទាន់បើកនៅឡើយ ហើយខណៈដែលខ្ញុំប្រឹងបើកភ្នែកសម្លឹងទៅគាត់… តាំងពីមើលឃើញព្រាលៗ រហូតដល់ឃើញច្បាស់… ទើបឃើញថា អ៊ំស្រីនោះកំពុងសើចស្ញេញមកដាក់ខ្ញុំ ហើយអត់ធ្មេញទៀតហើយ!!! ដោយឃើញគាត់មានមុខបាក់ជ្រីវជ្រួញសក់ស្កូវសំព្រោងធ្លាក់រតេរតាយផងនោះ ខ្ញុំក៏ស្ទុះរត់វឹងដាក់មេផាយអត់ងាកក្រោយ… ហើយឮតែសំឡេងស្រែកហៅតាមក្រោយថា «ឈប់សិនក្មួយ!… ឈប់សិនក្មួយ!… »

ចាប់តាំងពីពេលនោះមក ខ្ញុំក៏ឈប់ធ្វើការរំលងអធ្រាត្រ ជំនួសមិត្តភក្តិទៀតហើយ ទោះបីជាបានប្រាក់ច្រើនហួស មួយទ្វេជាពីរជាបីក៏ដោយ ព្រោះខ្ញុំគិតថាទោះជាបានប្រាក់ថែមច្រើនយ៉ាងណាក៏ដោយ ក៏វាមិនស្មើនឹងខ្ញុំត្រូវភ័យជ្រុះសក់ព្រោះជួបនឹងខ្មោចលង នោះដែរ។

No comments