ចាញ់បោកយល់សប្តិរហូតដល់ថ្នាក់ ទិញថ្នាំងងុយដេកមកលេប ចុងក្រោយ… (រឿងពិត)😔😔



រស្មីគឺជាក្មេងស្រី១៨ឆ្នាំ, នាងរៀននៅថ្នាក់ទី១២ នៃសាលាមួយក្នុងរាជធានីភ្នំពេញ នាងជាមនុស្សឯកា នាងគ្មានមិត្តភក្ដិ, នាងមិនចូលចិត្តមនុស្សនៅជុំវិញខ្លួននាងទេ ព្រោះមនុស្សនៅជុំវិញខ្លួនរបស់នាងតែងតែធ្វើបាបនាង ហើយរំខាននាង នាងពិតជាស្អប់ពិភពលោកនេះណាស់ ក្រោយពីនាងចេញពីរៀនទៅដល់ផ្ទះម្តងៗ ប៉ាម៉ាក់របស់នាងតែងតែឈ្លោះគ្នាធ្វើអោយនាងកាន់តែធុញទ្រាន់ នាងបានដើរឡើងទៅគេងទាំងខ្លួនមិនទាន់ញ៉ាំអី គ្រាន់តែប្រាសខ្លួននាងក៏គេងបាត់ទៅ…

នាងបានយល់សុបិនឃើញ រូបនាងបានធ្លាក់ចូលក្នុងពិភពមួយទីនោះស្រស់ស្អាតពោរពេញទៅដោយមនុស្សល្អរូសរាយរាក់ទាក់ មានតែស្នាមញញឹមដាក់នាង, នាងពិតជារំភើបចង់រស់នៅក្នុងសុបិននោះណាស់, នាងសប្បាយជាមួយសុបិន ស្នាមញញឹមរបស់នាងបានលេចឡើងដែលនាងមិនដែលបានញញឹមម្ដងសោះ ហើយនាងក៏បានជួបបុរសស្រស់ស្អាតសង្ហារម្នាក់ , គេទាំងពីរនាក់បានធ្លាក់ក្នុងអន្លក់ស្នេហ៍ នាងពិតជាសប្បាយនៅក្នុងសុបិននេះណាស់…

នាងបានភ្ញាក់ពីគេងជាមួយថាមពលស្រស់ស្រាយជាងពេលនាងក្រោកពីគេងរាល់ដង នាងដើរទៅសាលាជាមួយស្នាមញញឹមមិនដាច់ មនុស្សគ្រប់គ្នានៅក្នុងសាលាមានភាពចម្លែកចិត្តជាខ្លាំងព្រោះបានឃើញរស្មីញញឹមខុសពីធម្មតា។

ពេលចេញពីរៀនរស្មីប្រញ៉ាប់ត្រលប់ទៅផ្ទះវិញ នាងដើរយ៉ាងលឿន ពេលដល់ផ្ទះក៏នាងមិនខ្វល់អ្វីដែរ គឺនាងស្ទុះសម្ដៅឡើងទៅបន្ទប់ ហើយដាក់ខ្លួនគេង, នាងនៅតែសុបិនឃើញរឿងដដែលៗហើយនាងបានជួបបុរសម្នាក់នោះដដែល អ្វីដែលកើតឡើងនៅក្នុងសុបិនប្រៀបដូចជាការពិតអញ្ចឹង នាងរឹតតែស្រលាញ់អ្វីដែលកើតឡើងនៅក្នុងសុបិននោះ…



នាងកំពុងតែឈ្លក់វង្វេងនឹងសុបិន ស្រាប់ព្រះទិនកររះឡើងធ្វើអោយនាងភ្ញាក់ពីសុបិននោះ នាងចេះតែសុបិនឃើញរឿងដដែលជារឿយៗហើយដូចជាជីវិតថ្មីរបស់នាងអញ្ចឹង នាងចាប់ផ្ដើមមានគំនិតមិនចង់ភ្ញាក់ពីសុបិននោះទេ។

ថ្ងៃមួយពេលដែលនាងត្រលប់មកពីរៀន នាងបានឡើងទៅបន្ទប់រួចនាងដកយកថ្នាំមួយដបចេញពីកាតាប ថ្នាំនោះគឺជាថ្នាំដែលធ្វើអោយគេងលក់ ហើយនាងបានលេបថ្នាំនោះទាំងអស់…

នាងឡើងទៅគ្រែគេងហើយគេងយ៉ាងលក់ស្រួល នាងបានយល់សុបិនដូចដែលនាងបានយល់សុបិនរាល់ដង ហើយនាងក៏សម្រេចចិត្តរៀបការជាមួយបុរសនោះ…

ក្រោយពីនាងរៀបការរួច, នាងនិងបុរសម្នាក់នោះបានរស់នៅជាមួយគ្នា អ្វីនៅក្នុងសុបិនគឺខុសអ្វីនៅពីភពជាក់ស្ដែង គឺរយៈពេលមួយម៉ោងស្មើរនឹងមួយឆ្នាំ…


រស្មីបានឈ្លក់វង្វេងនៅក្នុងសុបិន នាងបានកសាងគ្រួសារដ៏ល្អមួយ នាងរីករាយជាខ្លាំង…

នាងបានដើរកំសាន្តយ៉ាងរីករាយជាមួយនិងស្វាមីរបស់នាង…

ព្រះទិនករចាប់ផ្ដើមបញ្ចេញពន្លឺមកលើផែនពសុធា តើរស្មីភ្ញាក់ពីសុបិនវិញដែរឬទេ???

ប៉ុន្តែគឺមានរឿងចម្លែកបានកើតឡើងទៅវិញ, រស្មីនិងបុរសក្នុងសុបិននោះបានកំពុងតែញ៉ាំអាហារពេលល្ងាចជាមួយគ្នា ពួកគេទាំងពីរបានរៀបចំម្ហូបជាច្រើនមានគ្រប់បែបយ៉ាង, រស្មីបានចាប់ផ្ដើមញ៉ាំអាហារនោះ នាងបានដួសម្ហូបដាក់ចូលក្នុងមាត់គ្រាន់តែញ៉ាំភ្លាមស្រាប់តែម្ហូបទាំងនោះបានរលាយបាត់ហើយអ្វីៗទាំងអស់នៅក្នុងផ្ទះបានរលាយបាត់ពេលនោះបុរសនៅក្នុងសុបិនបានចាប់ដៃរបស់រស្មីហើយអូសដៃនាងចេញពីផ្ទះនោះ រត់ចេញទៅក្រៅ មនុស្សទាំងអស់នៅក្នុងសុបិនបានប្រែជាព្រលឹងខ្មោច បិសាច ដែលពោរពេញទៅដោយកំហឹង ហើយបានសំលក់មកមើលរស្មី, បុរសក្នុងសុបិនបានប្រឹងអូសដៃរស្មីរត់ មនុស្សនៅក្នុងសុបិនទាំងនោះបានដេញចាប់រស្មីនឹងមិនអោយចេញគឺមិនអោយរស្មីចាកចេញពីសុបិននោះទេ…



បុរសក្នុងសុបិននោះបានប្រាប់ថា៖”ឆាប់រត់ទៅរក ផ្លូវចេញដើម្បីរួចផុតពីសុបិននេះទៅ…” ពួកគេទាំងពីរបានប្រឹងរត់ទៅរកផ្លូវចេញពីសុបិននោះ…

ទៅដល់មាត់ផ្លូវដែលចេញពីសុបិនរស្មីបានសម្ដៅចេញទៅហើយ ក៏ប៉ុន្តែមានដៃមួយទៀតបានមកចាប់ដៃនាងជាប់ ដៃនោះគឺជាដៃរបស់បុរសម្នាក់ដែលជាស្វាមីរបស់នាងនោះហេីយ… នាងបានបែរមកមើលបុរសនោះវិញ កាលពិតបុរសម្នាក់នោះគឺជាបិសាចសុបិន ដែលជាអ្នកចាប់ព្រលឹងមនុស្សតាមរយៈសុបិន…

រស្មីបានត្រូវធ្លាក់នៅក្នុងសុបិននោះ មិនអាចភ្ញាក់មកវិញបានទេ…

ចំណែកឯឪពុកម្ដាយបានបាត់កូនស្រីពេញមួយព្រឹកហើយមិនឃើញកូនស្រីភ្ញាក់ទៅរៀនដូចរាល់ដងទេ ពួកគាត់ទាំងពីរបានឡើងទៅមើល ស្រាប់តែឃើញកូនស្រីរបស់បានដេកនៅលេីគ្រែ នឹងឃើញកំប៉ុងថ្នាំនៅក្បែរកូនរបស់ខ្លួន ទេីបគាត់ដឹងថាកូនរបស់គាត់ស្លាប់ ព្រោះឃេីញនាងបែកពពុះមាត់ នាងបានស្លាប់ទៅទាំងស្នាមញញឹមដ៏សប្បាយរីករាយ… ជាចុងក្រោយគាត់ទាំងពីរបានដឹងខ្លួនខុស ដឹងរាល់កំហុសរបស់ខ្លួនដែល គាត់មិនយកពេលខ្វល់ពីកូនស្រីរបស់គាត់គិតតែឈ្លោះគ្នារាល់ថ្ងៃ ប៉ុន្តែពួកគាត់គឺនៅតែស្រលាញ់កូនរបស់ខ្លួន ចិត្តម្ដាយឪពុកយ៉ាងណាក៏ស្រលាញ់កូនស្រីដែរ ពួកគាត់បានអោបកូនស្រីយំ…

រស្មីបានបាត់បង់កន្លែងនៅលើពិភពលោកនេះហើយ ប៉ុន្តែសូម្បីតែសុបិនមួយក៏នាងបាត់បង់ជារៀងរហូតដែរ អ្វីគ្រប់យ៉ាងសម្រាប់នាងគឺគ្មានសល់ទៀតឡើយ ទោះជានាងចង់ត្រលប់ ឬភ្ញាក់ពីសុបិនក៏នាងមិនអាចធ្វើបានទេ…



( ត្រូវចេះថែរក្សាមនុស្សដែលនៅជំុវិញខ្លួន កំុចាំដល់ពេលបាត់បង់ទេីបស្តាយក្រោយ)

No comments