នៅក្នុងផ្ទះតែពីរនាក់សោះ ស្រាប់តែកូនប្រាប់ថា មានស្រីម្នាក់ឈរសម្លក់មុខ ចុងក្រោយ......😱😱

វាជាពេលល្ងាចម៉ោងជិត៧ ។ ខ្ញុំ កំពុងបោសសំរាមនៅបរិវេណទីធ្លាមុខផ្ទះ ឯកូនប្រុសខ្ញុំកំពុងលេងក្បែរនោះ ហើយនិយាយពីនេះពីនោះតែម្នាក់ឯង។ បន្ទាប់មកវាងាករកខ្ញុំហើយសួរ ៖
«ម៉ាក់កំពុងធើអីហ្នឹង?»
«បោសសំរាមណាកូន!»
«បោសសំរាមធើអីហូវ?»
វាសួរដេញដោល តាមទម្លាប់ក្មេងទើបរៀននិយាយ។ ខ្ញុំមិនដែលមានអារម្មណ៍ធុញខឹងនឹងការសួរដ៏សាំតាប៉ែរបស់វាទេ ។ ខ្ញុំឆ្លើយតបយ៉ាងស្រទន់ ៖«គឺបោសវាដើម្បីឱ្យផ្ទះស្អាត កុំឱ្យគគ្រិចអ៊ែកៗណាកូន ដឹងទេលោកម្ចាស់ថ្លៃកូន?» វាញញឹម ហើយបែរទៅមុខវិញ ។
«ចុះមីងកំពុងធើអី?ម៉េចក៏មើលទៅមុខម៉ាក់ញុំរហូតអីចឹង?»
សំនួររបស់កូនប្រុសខ្ញុំធ្វើឱ្យខ្ញុំស្រឡាំងកាំង ។ នៅក្នុងផ្ទះនេះគ្មានអ្នកផ្សេងក្រៅពីខ្ញុំ និងវាទេ ហើយចុះវាឃើញមីងណាទៀត?ខ្ញុំសាកល្បងសួរបញ្ជាក់ ព្រោះសង្ស័យតែវានិយាយតែផ្ដាស ។«កូននិយាយជាមួយណាគេហ្នឹង?»«គឺមីងនេះ!» វាចង្អុលទៅមុខហើយងាកមើលមុខខ្ញុំ។ មានមនុស្សឯណាទៀត?ឬមួយក៏វាឃើញអ្វីម្យ៉ាងដែលយើងមើលមិនឃើញ?លើលោកនេះមានខ្មោចដែរហ្អេ?គិតដល់ត្រឹមនេះ ខ្ញុំនឹកដល់រឿងកាលពីអតីតកាលភ្លាម។ តើវាមកមែនឬ?វាមកដើម្បីអ្វី?សងសឹក?«កូនថាមីងណា?ម៉ាក់អត់ទាំងឃើញផង!»
«នេះមីងនេះ…គាត់កាពុងតាមើលទៅម៉ាក់ហើយតើ»
ខ្ញុំឈប់នឹងមួយកន្លែង ទម្លាក់អំបោសចោលហើយដើរទៅទាញដៃកូនចូលក្នុងផ្ទះហើយបិទទ្វារយ៉ាងត្រហេបត្រហប ។ វាធ្វើមុខបែបងឿងឆ្ងល់ខ្លាំង ហើយនិយាយតាមភាសាក្មេង ៖
«ម៉ាក់!បិទទ្វារធើអីហូវ»
«កូនឃើញមីងហ្នឹងទៀតអត់?»
វាតបព្រមទាំងចង្អុលទៅក្រៅ ៖
«បើម៉ាក់បិទទ្វារបាត់ហើយ គាត់ចូលមកម៉េចបាន?»បានវានិយាយអុីចឹងខ្ញុំធូរទ្រូងបន្តិច។ បើកុំតែខ្ញុំធ្លាប់មានអតីតកាលដ៏អាក្រក់ កុំអីខ្ញុំមិនបានជឿសម្ដីក្មេងឡើយ ព្រោះមិនដែលគិតថា មនុស្សដែលស្លាប់ហើយ អាចអណ្ដែតវិលវល់បានលើលោកានេះទេ ។«កូនប្រាប់ម៉ាក់ម៉ោមើល៍ មីងនោះមានមុខមាត់ម៉េច?»
ក្មេងតូចព្យាយាមពណ៌នាអំពីភិនភាគស្ត្រីម្នាក់នោះយ៉ាងរដាក់រដុប ស្ដាប់ស្ទើរមិនយល់ ដែលកាន់តែរំលឹកខ្ញុំអំពីស្ត្រីម្នាក់នោះលើសដើម។ ខ្ញុំនាំវាទៅបន្ទប់គេង បំពេរឱ្យគេងលក់ហើយចុះមកជាន់ក្រោមវិញ។ នៅខាងក្រៅមេឃងងឹតឈឹង និងស្ងាត់ជ្រៀបដែលឮតែសំលេងសត្វចង្រឹតយំ គ្មានឡានម៉ូតូ គ្មានមនុស្សដើរ ដែលមិនខុសពីរាល់ដងទេ។ ដៃដ៏ញ័ររបស់ខ្ញុំបានចាប់សោរទ្វារបើក ហើយជើងទាំងគូបោះគៀជំហានយឺតៗចេញទៅក្រៅ។ ស្ងាត់ឈឹង គ្មានខ្យល់ គ្មានសូរសំលេង។ ខ្ញុំមើលជុំវិញខ្លួន ហើយដើរទៅក្រោយផ្ទះដោយទាញទូរស័ព្ទមកបញ្ចាំងពិល។ នៅខាងក្រោយផ្ទះ មានទ្វារមួយតូចសម្រាប់បើកចូលទៅក្នុងបន្ទប់ក្រោមដី។ មិនដឹងថា អារម្មណ៍ស្អីបានរុញច្រានខ្ញុំឱ្យបើកទ្វារហើយចុះទៅក្នុងបន្ទប់ងងឹតនោះ ។ ខ្ញុំខានបានមកខាងក្រោមនេះយូរហើយ។ ពីងពាងព័ទ្ធធ្វើសំបុកឡើងពាសពេញ។ នៅខាងក្រោមនេះមានទ្វារមួយទៀតសំរាប់ដាក់អីវ៉ាន់ តែខ្ញុំចាំថា ខ្ញុំមិនបានដាក់អីវ៉ាន់ស្អីចូលទៅក្នុងនេះទេ ហើយអ្វីដែលខ្ញុំដាក់ចូលចុងក្រោយគេបង្អស់ គឺសាកសព។ ខ្ញុំស្រម៉ៃឃើញរឿងអតីតកាលដែលព្យាយាមបំភ្លេចចោល តែពេលនេះវាបានផុសឡើងមកវិញ ។ រឿងនោះវាកន្លងទៅ២ឆ្នាំទៅហើយ។ គ្មាននរណាម្នាក់ដឹងរឿងនេះទេ ក្រៅពីខ្ញុំ។ កន្លងទៅ២ឆ្នាំប្រៀបដូចជាម្សិលម៉ិញ អ្វីៗដែលខ្ញុំធ្វើគឺខ្ញុំចាំបានទាំងអស់។ កាលនោះ ខ្ញុំ និងស្វាមី បានជួលស្ត្រីបម្រើក្រមុំម្នាក់ឱ្យមកជួយមើលការងារក្នុងផ្ទះ ព្រោះខ្ញុំ និងប្ដីសុទ្ធតែរវល់ធ្វើការដូចគ្នា គ្មានពេលធ្វើរឿងទាំងនោះឡើយ ។ ខ្ញុំសង្កេតឃើញអកប្បកិរិយាស្ត្រីនោះបញ្ចេញភាពស្នឹទ្ធស្នាលមកលើប្ដីខ្ញុំ ឯប្តីខ្ញុំក៏ហាក់ដូចជាកាន់ជើងវាខ្លាំងទៀតផង។ ពេលខ្លះ ខ្ញុំឈ្លោះជាមួយប្ដីដោយសារតែខ្ញុំបន្ទោសនាងកញ្ជះនឹងបន្តិចបន្តួច គាត់មកកាន់ជើង ពេលហ្នឹង ខ្ញុំមានផ្ទៃពោះ៧ខែ ហើយអ្វីៗដែលសង្ស័យ រឹតតែច្បាស់ឡើង។ ប្ដីខ្ញុំត្រូវក្រុមហ៊ុនហៅប្រជុំនៅទីក្រុង ដូចនេះវាជាឱកាសល្អសំរាប់ចាត់ការនាងជើងល្អនេះ។ ខ្ញុំបានជំរឹតសួរវាដោយឧបាយយ៉ាងល្អិត ទីបញ្ចប់ ដោយគ្មានផ្លូវគេចវេសបាន នាងក៏សារភាពថា នាងពិតជាបានលួចផិតសហាយស្មន់គ្នាជាមួយប្ដីខ្ញុំមែន។ វាថាវាជ្រុលជ្រួសមានកូន៤ខែហើយ ហើយទាមទារឱ្យខ្ញុំទទួលខុសត្រូវលើរឿងនេះ ព្រោះកូនប្ដីខ្ញុំវាដូចជាកូនរបស់ខ្ញុំដែរ។ ខ្ញុំជេរស្ដីនាង វ៉ៃដំច្រំធាក់នាង ទាំងទឹកភ្នែកហូររហាម។
«ចែ!សូមចែអានិតខ្ញុំផង ខ្ញុំមិនចង់ឱ្យមានរឿងនេះកើតឡើងទេចែ ហឺៗ..ហឹហឺុ»
ខ្ញុំនៅចាំសំលេងយំ និងការអង្វរករហេមរហាមរបស់នាងច្បាស់ណាស់។ គិតទៅមនុស្សប្រុសអត់មិនបានមែន គ្រាន់តែខ្ញុំមានផ្ទៃពោះ៧ខែ គាត់ទៅបំផើមស្ត្រីបម្រើ៤ខែដែរ។
«ចែមេត្តាខ្ញុំផង ហឺុៗហឹុៗ…»
«សូមចែមេត្តាយកខ្ញុំជាប្រពន្ធចុងស្របច្បាប់ផង … ចែអានិតកូនចែក្នុងពោះខ្ញុំ ចែ… »
«កូនម៉ែហងឯងស្អី?ចង់ប្រជែងកូនអញហ្អែស ?ម’អីទេ បានតើ!»
ខ្ញុំស្ទាបពោះកំប៉ោងរបស់ខ្ញុំ ដែលមានទារកដំបូងនៅក្នុងផ្ទៃ។ ដោយកំហឹងបិទមុខ គិតអ្វីក៏មិនយល់ ខ្ញុំទាញកូនកាំបិត ចាក់លឿនស្លេវទៅលើគ្រាប់ភ្នែកទាំងគូរ និងពោះស្ត្រីកញ្ជះថ្លើមធំ ហើយពេលហ្នឹង ខ្ញុំមិនយល់ពីអ្វីដែលបានធ្វើឡើយ។ ស្ត្រីដែលអង្វរកប៉ប៉ោចអំបាញ់ម៉ិញនេះ ឥឡូវស្ងាត់មាត់ហើយ គ្មានសញ្ញាថានឹងដឹងខ្លួនវិញទេ។ ពេលដែលខ្ញុំទទួលអារម្មណ៍ធម្មតាឡើងវិញ អ្វីៗគឺហួសហើយ។ ខ្ញុំត្រូវតែបំផ្លាញភ័ស្តុតាងហើយធ្វើយ៉ាងណាមិនឱ្យគេដឹងថា ខ្ញុំសម្លាប់នាង។ រូបភាពតុលាការកាត់ក្ដី រូបភាពគុក បានអណ្ដែតឡើងក្នុងខួរក្បាលខ្ញុំ។ ទេ!!! ខ្ញុំមិនអាចជាប់គុកបានទេ តែត្រូវធ្វើយ៉ាងណាចំពោះសាកសពនាងនេះ?ខ្ញុំមិនមានពេលគិតច្រើនទេ ក៏យកបាវធំមួយ លើកច្រកសាកសពចូលក្នុងបាវយ៉ាងលំបាកលំបិន។ ចុះបើមានអ្នកជិតខាងឃើញ?ទុកចិត្តចុះ នៅម្ដុំនេះគ្មានផ្ទះ គ្មានអ្នកជិតខាង គ្មានមនុស្សឡើយ បើក្រៅតែអំពីផ្ទះនេះ។ គ្មាននរណាគេចង់មកនៅទីដាច់ស្ងាត់ជាយក្រុងដូចនេះទេ។ ខ្ញុំអូសនាងចូលឃ្លាំងបន្ទប់ក្រោមដី ហើយតាំងពីពេលនោះមកអ្វីៗស្ងប់ស្ងាត់។ តែពេលនេះវាពិតជាមកតាមព្យាបាតខ្ញុំមែនឬ?ខ្ញុំត្រូវតែឈ្នះវា។
«កូនឃើញមីងនោះទៀតអត់?»
«នោះគាត់នៅខាងក្រៅហើយមើលយើងតាមកញ្ចក់»
ខ្ញុំងាកតាមវានិយាយស្រាប់តែឃើញមែន។ ស្ត្រីម្នាក់មានឈាមហូរដាបភ្នែកជោកផ្ទៃមុខកំពុងអើតតាមកញ្ចក់បង្អួច។ មិនបង្អង់យូរខ្ញុំទាញដៃកូនឱ្យទៅដេកហើយខ្លួនឯងចុះមកក្រោមវិញជាមួយពូថៅដ៏មុតស្រួច…

ស្ថិតក្នុងសភាពយ៉ាងស្ងៀមស្ងាត់ ខ្ញុំដើរយឺតៗក្បាលរេរារកនរណាម្នាក់។
“ប្រាវ!”
សំលេងថូធ្លាក់បែកលាន់ឡើង។
«អ្នកណា?ចេញម៉ោ ចេញម៉ោ» ខ្ញុំស្រែកខ្លាំងៗអស់សំលេង។ គ្មាននរណាចេញមកសោះ។
“វិប” ស្រមោលនរណាម្នាក់រត់វឹងក្រោយខ្នងខ្ញុំ។ ខ្ញុំងាកយ៉ាងលឿនស្រាប់តែ…វាគឺជាកូនប្រុសខ្ញុំ…
«កូនមកទីនេះធ្វើអី?ម៉េចក៏មិនដេក?»កូនខ្ញុំមិនតប តែសម្លក់មុខខ្ញុំក្នុងក្រសែភ្នែកដ៏គួរឱ្យខ្លាច។ ខ្ញុំទាញដៃវាឱ្យទៅដេកវិញ តែវាប្រាប់ថាមិនហ៊ានដេកទេព្រោះខ្លាច។ ខ្ញុំប្រាប់ទៅវាថា«ដេកចុះ គ្មាននរណាហ៊ានធ្វើអីកូនឯងទេ»តែកូនប្រុសនៅតែទទូចមិនហ៊ានគេងតែម្នាក់ឯងដដែល។ ខ្ញុំដើរចុះមកក្រោមវិញហើយអង្គុយលើកៅអីឈើដោយអស់កម្លាំង។ អាកាសធាតុកាន់តែត្រជាក់ ខាងក្រៅងងឹតឈឹងចាក់ភ្នែកមិនធ្លុះ។ ពេលនោះសំលេងសើចរបស់កូនប្រុសខ្ញុំក៏លាន់ឡើង។ វាសើចផងនិយាយផងហាក់ដូចជាមាននរណាម្នាក់មកលេងជាមួយអីុចឹង។ មិនបង្អង់យូរខ្ញុំរត់ឡើងទៅមើល«កូនកើតអី?ម៉េចបានអង្គុយសើចតែឯងអីុចឹង?»«មីងនោះម៉ោលេងកូន» វាតបទាំងមើលទៅអ្វីម៉្យាងដែលខ្ញុំមើលមិនឃើញ។«ឯណា?មានមីងឯណាទៀត? ម៉ាកបិទទ្វារចាក់សោរជិតអស់ហើយតើ»។«មីងនោះគាត់ឡើងម៉ោតាមជណ្ដើរជាន់ក្រោមដី» វានិយាយផងចង្អុលទៅជណ្ដើរចុះទៅជាន់ក្រោមដីផង ធ្វើឱ្យខ្ញុំស្ទើលស់ព្រលឹង។ ខ្ញុំឡើងដេកជាមួយកូន ព្រោះខ្លាចខ្មោចនាងនោះមកទៀត។ ពាក់កណ្ដាលយប់សំលេងទូរស័ព្ទរោទិ៍ឡើង។ ខ្ញុំមមីមមើស្រវាទូរស័ព្ទបានហើយនិយាយ។«អាឡូ! នាងខ្ញុំណាលី»«…»«អាឡូអ្នកណាគេ មិចមិននិយាយ?»…
ព្រឹកស្អែកខ្ញុំនៅតែនឹកដល់ទូរស័ព្ទនោះទៀត។ វាគ្មានលេខច្បាស់លាស់ទេព្រោះជា private number ។
៥ឆ្នាំកន្លងផុតទៅ ខ្ញុំបានលែងលះប្ដីខ្ញុំហើយរស់នៅតែពីរនាក់នឹងកូនប្រុស។
ល្ងាចមួយ កូនប្រុសខ្ញុំបានរត់មកផ្ទះវិញទាំងទឹកភ្នែក។
«កើតអីហ្នឹងកូន?» ខ្ញុំសួរដោយក្ដីបារម្ភ។
«កូនលេងបាល់ជាមួយមិត្តភក្ដិ ពួកវាទាត់បាល់មួយទំហឹងត្រូវទ្រូងកូន ឥឡូវឈឺណាស់ កូនត្រូវការសម្រាក» ថារួចវាក៏ដើរចូលបន្ទប់គេងវាបាត់។ ភ្លាមនោះសំលេងទូរស័ព្ទរោទិ៍ឡើង។ វាជា private number គ្មានលេខបង្ហាញលើអេក្រង់ទេ។ ខ្ញុំចុចទទួលទាំងអារម្មណ៍មិនសូវល្អ។«អាឡូ នាងខ្ញុំណាលី»«…»«អាឡូជម្រាបសួរ អ្នកណាគេ?ម៉ិចមិននិយាយ?»ខ្ញុំព្យាយាមសួរ ហើយពេលដែលខ្ញុំវិះនឹងដាក់ទូរស័ព្ទចុះទៅហើយ សំលេងក្នុងទូរស័ព្ទស្រាប់តែបន្លឺរឡើង។«ជួ…ជួយផង…»«អ្នកណា មានរឿងអី?»«ជួយផង…» វាជាសំលេងនរណាម្នាក់ដែលខ្ញុំដូចជាធ្លាប់ស្គាល់។ សំលេងនេះឮតិចៗ ហើយហាក់ដូចជាភ័យនឹងអ្វីម្យ៉ាង។“ទឺត…” ទូរស័ព្ទដាច់ទៅវិញបន្សល់ចម្ងល់ជាច្រើនមកលើខ្ញុំ។ ខ្ញុំបានទូរស័ព្ទទៅប្អូនស្រីនៅឯស្រុកសួរវាថាបានតេមកខ្ញុំទេមុននេះបន្តិច តែវាប្រាប់ថាមិនបានចុចទៅទេ៚ ខ្ញុំសាកល្បងទូរស័ព្ទទៅអ្នកផ្ទះគ្រប់គ្នា តែចម្លើយពួកគេគឺមិនដឹងដូចគ្នា។
រឿងទូរស័ព្ទនេះធ្វើឱ្យខ្ញុំងឿងឆ្ងល់អស់ពេលដ៏យូររហូតភ្លេចធ្វើម្ហូបពេលយប់ទៀតផង។
បន្ទាប់ពីរៀបចំម្ហូបពេលយប់ហើយ ខ្ញុំបានទៅបន្ទប់កូនប្រុសខ្ញុំ តែអ្វីដែលគួរឱ្យតក់ស្លុតបំផុតនោះគឺ កូនប្រុសខ្ញុំបានស្លាប់បាត់ទៅហើយ។ វាស្លាប់ដោយគ្រាំនឹងគ្រាប់បាល់ដែលវាយប្រហារវាខ្លាំងពេកកាលពីថ្ងៃ។ ភ្លាមនោះសំលេងទូរស័ព្ទរោទិ៍ឡើង។ ខ្ញុំទទួលទូរស័ព្ទទាំងទឹកភ្នែក និងក្ដីតក់ស្លុត។ សំលេងនៅក្នុងទូរស័ព្ទបន្លឺសំលេងខ្ញុំផ្ទាល់

«អាឡូ…នាងខ្ញុំណាលីកំពុងនិយាយ…’ ជួយផង… ‘ អាឡូ…មានរឿងអី… ‘ ជួយផង ជួយ…ជួយគាត់ផង… ជួយយកគាត់ទៅមន្ទីរពេទ្យផង»
វាជាសំលេងដូចជាខ្សែរអាត់ថតសំលេងឱ្យខ្ញុំឮ។ ទូរស័ព្ទដែលតេមកខ្ញុំពីល្ងាចគ្រាន់តែជាបំណងល្អឱ្យខ្ញុំយកកូនទៅពេទ្យតែប៉ុន្នោះ តែ…ម្ចាស់សំលេងជានរណា? រំពេជនោះ ខ្ញុំទទួលសាររូបភាពមួយ ។ ពេលបើកវាមើល វាគឹជារូបថតរបស់កូនខ្ញុំកំពុងដេកស្លាប់លើគ្រែ ហើយនៅផ្នែកខាងឆ្វេងនៃរូបនោះ វាគឺជាមុខមួយចំហៀងគួរឱ្យខ្លាចរបស់នរណាម្នាក់…គឺ…គឺប្រពន្ធចុង ដែលខ្ញុំបានសម្លាប់នាងកាលពីប៉ុន្មានឆ្នាំមុន។អរគុណចំពោះសន្ដានចិត្តល្អ អរគុណចំពោះការមិនចងកម្មយាយី តែ…អ្វីៗវាហួសទៅហើយ…
Post a Comment