រន្ធត់ណាស់!!! ចូលធ្វើការថ្ងៃដំបូង ម្ចាស់ក្រុមហ៊ុនបបួលចងក...😳😣

[…] “ជំរាបសួរចាស ! នាងខ្ញុំឈ្មោះសាសា !
ឆ្នាំនេះខ្ញុំអាយុ២៤ឆ្នាំហើយ តែនៅមិនទាន់មានប្តីទេ”
(OMG >< ម៉េចចឹងទៅវិញ ! យ៉ាប់មែនអញ ! និយាយចឹងអត់សមទេ ! សាកម្តងទៀតសិន Hmm) “ជំរាបសួរ ! នាងខ្ញុំឈ្មោះសាសា ! ឆ្នាំនេះនាងខ្ញុំទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រ័ $(%)@U%)(#%#)……………. (ខ្ញុំប្រើពេលស្ទើរ១ថ្ងៃពេញ ហាត់សម និយាយពីប្រវត្តិរូបខ្លួនឯង ដើម្បីត្រៀមសម្ភាសន៏ការងារថ្ងៃស្អែក)។ ដោយសារតែខ្ញុំទើបតែរៀនចប់ ខ្ញុំពិតជារំភើបណាស់ ដែលត្រូវបានកន្លែងការងារមួយ ហៅទៅសម្ភាសន៏ ក្នុងមុខដំណែងជាបុគ្គលិកផ្នែកគណនេយ្យពេញម៉ោង និងអស់សាច់។ ស្អែកមកដល់ ខ្ញុំប្រញាប់ចេញពីផ្ទះពីព្រលឹម ដើម្បីទៅស្វែងរកក្រុមហ៊ុន ដែលខ្ញុំ ត្រូវទៅសម្ភាសន៏។ អាស័យដ្ឋានស្មុគស្មាញ ខ្ញុំត្រូវបត់ឆ្វេង បត់ស្តាំ ជិះចូលឌឿងហែម ធ្លាក់គ្រហុក ស្ទើរហើមក្រលៀន រូចបន្តជិះចូលតាមចំហៀងវត្ត ឆ្ពោះទៅត្រង់ ទើបដល់គោលដៅ។ នៅពីមុខខ្ញុំ មានរបងទ្វារធំមួយ ដែលនៅក្នុងនោះ បង្កប់ទៅដោយដើមជ្រៃជាច្រើនដើម។ គ្រាន់តែខ្ញុំឈានជើងចូលភ្លាម រោមរបស់ខ្ញុំជាច្រើនពាន់សសៃ បានបះខ្ញាក មានអារម្មណ៏ថាត្រជាក់ៗ ដោយសារតែខ្យល់ចេញពីដើមឈើ។ “សួស្តី ! ខ្ញុំសាសា… មិនទាន់មានប្តីទេ” (ខ្ញុំស្រែកទាំងភ្លាត់មាត់) អាស អាស ច្រឡំមាត់ >__< “សួស្តី ! សួស្តី ខ្ញុំជាបុគ្គលិកដែលត្រូវសម្ភាសន៏ ! មានអ្នកណានៅទេ?” រំពេចនោះ បុរសម្នាក់មាឌធំ ដើរដោយដំណើរញែកៗ ស្ទុះចេញពីក្នុងផ្ទះ ដើរមកស្វាគមន៏ខ្ញុំយ៉ាងកក់ក្តៅ ! គាត់ឈ្មោះសុជាតិ។ ទោះជាមើលទៅ គាត់មិនមែនជាប្រុសពេញលក្ខណ: តែគាត់គឺជាបុគ្គលិកដ៏ល្អម្នាក់ របស់ក្រុមហ៊ុន។ គាត់បានណែនាំខ្ញុំ ពីព័ត៌មានទាំងអស់ របស់ក្រុមហ៊ុននេះ ស្ទើរគ្មានចន្លោះ។ ព្រោះតែថ្ងៃនេះជាថ្ងៃចុងសប្តាហ៏ បុគ្គលិកមួយចំនួនត្រូវឈប់សំរាក នៅសល់តែបងសុជាតិ និងខ្ញុំតែប៉ុណ្ណោះ ដែលត្រូវធ្វើការក្រៅម៉ោង សំរាប់ក្រុមហ៊ុន។ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំរំភើបចិត្ត ស្ទើរហោះទៅស៊ីផ្លែជ្រៃនោះ គឺក្រុមហ៊ុននោះ តំរូវអោយខ្ញុំធ្វើការសាកល្បងតែម្តង ដោយមិនបាច់ឆ្លងកាត់ការសម្ភាសន៏អ្វីទាំងអស់។ ខ្ញុំដើរទៅកាន់តុការិយាល័យផ្ទាល់ខ្លួន ទាំងមុខញញឹមខ្ជឹបដូចគូថមាន់ ក្រឡេកទៅមើលក្រុមហ៊ុន ដ៏ធំល្វឹងល្វើយ លាតសន្ធឹងនៅក្នុងផ្ទះវីឡា បីជាន់។ “បងជាតិ ! ក្រុមហ៊ុនធំយ៉ាងនេះ អត់មានអ្នកណាស្នាក់នៅទេ ហបង?” “ហមម អមម មានតើអូន ! ក្រុមហ៊ុនមានបន្ទប់សម្រាប់បុគ្គលិក នៅជាន់ទី១ សម្រាប់សម្រាន្តលេង ប្រសិនបើខ្ជិលទៅផ្ទះ តែចាប់ពីជាន់ទី២ទៅ ដាច់ខាតអូនកុំឡើងទៅអោយសោះ ព្រោះវាជាជាន់ ដែលលោកប្រធានស្នាក់នៅ។ ហាមដាច់ខាត មិនអោយឡើងទេ លឺអត់ពៅ?” (បងសុជាតិ សម្លុតគំរាមខ្ញុំ ទាំងសម្តីញែកៗ) “ចាស ចាស បង ! ខ្ញុំយល់ហើយ” និយាយចប់ ខ្ញុំបន្តធ្វើការងារខ្ញុំ ទាំងបរិយាកាសស្ងៀមស្ងាត់។ អ្វីដែលខ្ញុំត្រូវធ្វើមុនគេ គឺត្រូវពិនិត្យមើលបញ្ជីស្បែកឆ្កែ ទាក់ទងនឹងចំណូលចំនាយរបស់ក្រុមហ៊ុន។ អាចនិយាយបានថា ខ្ញុំជាមនុស្សដែលចូលចិត្តធ្វើការងារ ព្រោះគ្រាន់តែចូលធ្វើការភ្លាម ខ្ញុំអានបញ្ជីមួយចប់ ចូលដល់មួយទៀត អានឡើងជក់ ជក់រហូតដល់ហៀរទឹកមាត់ ដេកផ្កាប់មុខទៅនឹងតុ។ Trit Trit… ! សម្លេង Alert ក្នុងគណីនេយ្យហ្វេសប៊ុករបស់ខ្ញុំ ក៏បានបន្លឺឡើង។ ខ្ញុំស្ទុះភ្លែត បើកភ្លាម ឃើញប្រុសស្អាតម្នាក់ ផ្ញើរសារមកខ្ញុំ ដោយសរសេរថា “Hi Oun”។ ក្នុងចិត្ត ហាក់រំភើបខ្លះៗដែរ ព្រោះមិនដែលមានប្រុសស្អាត ចាប់អារម្មណ៏ខ្ញុំចឹងទេ។ ខ្ញុំរាប់ដល់១០វិនាទី ទើបសម្រេចចិត្ត Reply ទៅគេវិញថា Hi …. (ដើម្បីកុំអោយគេថា យើងល្ហន់ចង់ទាក់ទងគេ)។ បន្ទាប់ពីនោះមក សម្លេងសារក៏ស្ងាត់ជ្រាប ខ្ញុំចាំដល់១០នាទី នៅតែមិនឃើញគេតបសារ ក៏ចូលទៅមើល Profile គេលេង ក្រែងគេរវល់។ ប៉ុន្តែរំពេចនោះ បេះដូងខ្ញុំស្ទើរគាំងឈប់ដើរ ពេលដែលបានឃើញ Post ជាច្រើន ដែលមិត្តភក្តិរបស់គេ សរសេរនៅលើWallគេ តាំងពីប៉ុន្មានខែមុន ដោយដាក់ថា “RIP Fiend mlanh” … “ទេ ទេ ប្រហែលជាមិត្តភក្តិរបស់គេយក Account គេទៅលេងហើយ” (ខ្ញុំព្យាយាមពន្យល់ប្រាប់ខ្លួនឯង ទាំងព្រឺក្បាល) Trit Trit… ! ស្រាប់តែភ្លាមនោះ សម្លេង Inbox ក៏បន្លឺឡើងម្តងទៀត។ ខ្ញុំព្រឺសំបុរប៉ុនៗ គ្រាប់ពោត បើកមើលសារទាំងញ័រខ្លួន។ រំពេចនោះ បបូរមាត់ខ្ញុំប្រែជាស្លេកងាំង ដោយសារតែឃើញពាក្យប៉ុន្មានម៉ាត់ ពីបុរសដែលបានស្លាប់នោះ ដែលបានសរសេរថា “តោះទៅចង.កលេង” … តោះទៅចងក លេង ! សារនោះ នៅតែលោតដដែលៗ ញ័រទ្រើតៗ ពេញទូរសព្ទ័ខ្ញុំ។ ……>>>>>> ទេ !!! ខ្ញុំស្រែកភ័យស្លន់ស្លោរ រហូតគប់ទូរសព្ទ័ចោល។

>ផាំង< !!! សម្លេងបង្អួចនៅក្បែរតុខ្ញុំ ដែលត្រូវខ្យល់វាយបិទលាន់រំពង បានដាស់ខ្ញុំពីសុបិនដ៏គួរអោយខ្លាចនោះ។ “ហមមម ព្រះអើយ ភ័យណាស់ !!! យល់សប្តិសោះអញ” ខ្ញុំនិយាយម្នាក់ឯងង៉ូវៗ ស្ថិតក្នុងបរិយាកាស ដ៏ស្ងប់ស្ងាត់ក្នុងក្រុមហ៊ុន គួរអោយព្រឺព្រួច។ “បងជាតិ !!! បងជាតិ នៅទេ?” (ទោះជាខ្ញុំស្រែកយ៉ាងណា ក៏គ្មានអ្នកណាតបវិញដែរ) ខ្ញុំក្រោកដើរមួយៗ សំលឹងទៅកាន់ជណ្តើរដែលសាងសង់ពីឈើ យ៉ាងប្រណិត។ ទោះជាទិដ្ឋភាពរន្ធត់បែបណាក៏ដោយ ក៏ផ្ទះវីឡាមួយនោះ បានបង្អួតសម្រស់យ៉ាងស្រស់ស្អាត ធ្វើអោយខ្ញុំឡើងជណ្តើរ ដើរមើលក្បូរក្បាច់រចនាក្នុងផ្ទះ ឡើងភ្លេចខ្លួន។ ផុតមួយកាំ ចូលមួយកាំ ខ្ញុំឡើងរហូតដល់ជាន់ទី២ ភ្លេចថានោះជាជាន់ដែលបានហាមឃាត់។ ភ្លាមនោះ សម្លេងមនុស្សនិយាយគ្នាង៉ូវៗ បានលាន់លឺពេញបន្ទប់ ធ្វើអោយខ្ញុំភ្ញាក់ព្រើត ព្រោះដឹងថាខ្លួនឯង កំពុងឋិតនៅលើជាន់ ដែលជាកន្លែងស្នាក់នៅរបស់គ្រួសារលោកប្រធាន។ “ប្រហែលជាសម្លេងគ្រួសារលោកប្រធានហើយ” ខ្ញុំគិតរួច ក៏ស្ទុះវឹង បំណងប្រុងបត់ក្បាលចុះទៅក្រោម តែរំពេចនោះ ទ្វារបន្ទប់មួយបានរបើកឡើង ហាក់ដូចជាកំពុងស្វាគមន៏ខ្ញុំ អោយដើរចូលទៅមើលក្នុងបន្ទប់។ ដោយសារតែជាមនុស្ស ចូលចិត្តនាំរឿងដាក់ខ្លួន ខ្ញុំក៏សំរេចដើរថ្នមៗ ទៅកាន់បន្ទប់ដ៏តូចចង្អៀតនោះ។ អំពូលភ្លើងភ្លឺរឹមៗ បានឆ្លុះរំលេចនូវគ្រឿងសង្ហារឹមដ៏មានតម្លៃជាច្រើន ដែលពោរពេញដោយធូលី ហាក់គ្មានមនុស្សនៅ។ អ្វីដែលគួរអោយចាប់អារម្មណ៏នោះគឺ តុ កៅអី សាឡុង និងទូរតាំង សុទ្ធតែសាងសង់ឡើងពីឈើរាប់ពាន់ដុល្លារ។ សូម្បីតែប្រអប់វែងមួយ នៅខាងលិចបន្ទប់ ក៏សាងសង់ឡើងពីឈើតាន់ រំលេចដោយក្បូរក្បាច់រចនាល្អវិចិត្រដូចគ្នា។ ….ប៉ុន្តែ…. តើនោះជាប្រអប់អ្វី? មើលទៅដូចស្រដៀងអ្វីម្យ៉ាង។ ទ ទ ទេ ទេ ទេ មិនអាចទេ !!! ទេ ទេ ពិតណាស់ ពិតណាស់ ->>>>> នោះ នោះ គឺជាមឈូសដាក់សាកសព។ >__<
ដង្ហើមខ្ញុំដង្ហក់ស្ទើរ ដកលែងរួច។ ខួរក្បាលបញ្ជាអោយរត់ទៅក្រោមវិញ ទាំងដែលជើងខ្ញុំបែរជាទន់ភ្លាមមួយរំពេច បានត្រឹមដើរទ្រេតទ្រោតមួយៗ ទាំងភាពរន្ធត់ព្រឺព្រួចក្នុងអារម្មណ៏។ ខ្ញុំខំប្រមូលភាពក្លាហាន ចុះពីលើជណ្តើរយ៉ាងលឿន ដោយគ្មានងាកក្រោយបន្តិចសោះឡើយ។ ចុះទៅដល់ក្រោម ខ្ញុំស្ទុះទៅរកទឹកផឹក ដើម្បីបន្ធូរភាពភ័យខ្លាច។ មិនទាន់ទាំងបាត់ភ័យស្រួលបួលផង ខ្ញុំក៏ក្រឡេកឃើញស្រមោល របស់បុរសមាឌធំម្នាក់ ស្ទង់ៗ នៅក្បែរបង្អួច។
អ្នកណា ? បងជាតិ ?បងជាតិមែនហ្នឹង?
(ខ្ញុំស្រែកសួរទាំងរន្ធត់ចិត្តយ៉ាងខ្លាំង)
“បងជាតិ??? បងជាតិលឺខ្ញុំហៅអត់?”
និយាយបណ្តើរ ខ្ញុំដើរទៅក្រៅបណ្តើរ ហាក់ដូចជាមានអ្វីអូសទាញខ្ញុំ អោយដើរតាមស្រមោលខ្មៅនោះមិនឈប់។
ទីបំផុត ស្រមោលខ្មៅនោះក៏បាត់ត្រង់ចំនុចដើមជ្រៃដ៏ធំមួយ ដែលដុះទ្រឹងនៅពីមុខខ្ញុំ។ ខ្ញុំក្រឡេកមើលជុំវិញបរិយាសផ្ទះ ដែលស្ងាត់ជ្រងំ ហាក់គ្មានឃើញស្រមោលនរណាម្នាក់ នៅក្បែរនោះឡើយ។

ប៉ុន្តែភ្លាមនោះ រោមខ្ញុំ កាន់តែបះខ្លាំងឡើងៗ
នៅពេលដែលមានអារម្មណ៏ថា ស្រមោលខ្មៅនោះ កំពុងតែឋិតនៅពីលើខ្ញុំ។
ខ្ញុំងើបមុខ មើលទៅកាន់ដើមជ្រៃ ទាំងញញើត ស្រាប់តែពេលនោះ ខ្ញុំពិតជាបានឃើញអ្វីដែលមិនគួរឃើញមែន។
….មនុស្សប្រុសសម្បុរខ្មៅ មាឌធំម្នាក់ ដែលមានទឹកមុខក្រញ៉ូវ កំពុងអង្គុយនៅលើដើមជ្រៃ សំលឹងមើលខ្ញុំដោយមិនដាក់ភ្នែក ហើយខ្ញុំដឹងយ៉ាងច្បាស់ ថាខ្លួនឯងកំពុងត្រូវខ្មោចលង។
អ្វីដែលគួរអោយខ្លាចបំផុតនោះ ទោះជាខ្ញុំព្យាយាមស្រែកយ៉ាងណា ក៏ស្រែកមិនចេញ ជើងរបស់ខ្ញុំក៏ចេះតែឈាន ទៅកាន់តែជិតដើមជ្រៃនោះ ហើយអ្វីដែលខ្ញុំលឺពេញត្រចៀក គឺសម្លេងដ៏គ្រលួចរបស់បុរសម្នាក់ ដែលកំពុងតែបបួលខ្ញុំឡើងទៅចង.កជាមួយ នៅលើដើមជ្រៃ។
តែជាសំណាងល្អ ខ្ញុំមានអារម្មណ៏ថា ខ្លួនឯងអាចកម្រើកឡើងវិញ បន្ទាប់ពីលឺសម្លេងរថយន្តមួយមកដល់។
“សាសា ! សាសា ” (បងជាតិស្រែកហៅខ្ញុំពីចម្ងាយ)
“បង បងជាតិ ជួយ ជួយខ្ញុំផង ជួយខ្ញុំផង បងជាតិ” (ខ្ញុំរត់ទៅកាន់ឡានបងជាតិ ទាំងទឹកភ្នែករហាម ជាមួយអារម្មណ៏ភ័យតក់ស្លុត រកពាក្យអ្វីថ្លែងពុំបាន)។
ក្រោយពីស្តាប់ខ្ញុំរៀបរាប់រួច បងជាតិក៏អោយខ្ញុំអុជធូប ដើម្បីសុំខមាលទោសដល់ វិញ្ញាណក្ខន្ធ័ របស់លោកប្រធានក្រុមហ៊ុន ដែលបានស្លាប់ តាំងពីប៉ុន្មានខែមុន ដោយការចង.ក ធ្វើអត្តឃាត ព្រោះវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ក្រោយពីស្លាប់ វិញ្ញាណរបស់គាត់ តែងតែនៅវិលវល់ក្បែរបន្ទប់តំកល់សពរបស់គាត់ នៅជាន់ទី២ក្នុងក្រុមហ៊ុន ហើយនៅពេលដែលមានបុគ្គលិកណា រំខានដល់វិញ្ញាណរបស់គាត់ លោកប្រធានតែងតែមក យកបុគ្គលិកទាំងនោះ ទៅនៅជាមួយ។
ធាតុពិត ក្រុមហ៊ុននេះ ធ្លាប់ត្រូវបានគេបោះបង់ចោលយូរណាស់មកហើយ ទើបតែមួយរយ:នេះទេ ដែលក្រុមហ៊ុនអាចដំណើរការជាថ្មី ក្រោមដើមទុនរបស់ ភរិយាលោកប្រធាន ដែលរស់នៅឯបរទេស ដែលមានបងជាតិ ជាអ្នកមើលការខុសត្រូវ។
ក្រោយពីស្តាប់រឿងរ៉ាវគ្រប់យ៉ាងរួច ខ្ញុំភ័យស្ទើរតែលេបទឹកមាត់មិនរួច។ ខ្ញុំបានត្រឹម ញ័រដៃញ័រជើង យំខ្សឹកខ្សួល ទទូចសុំបងជាតិ ត្រលប់ទៅផ្ទះវិញយ៉ាងលឿន។ ខ្ញុំចាំមិនភ្លេច ពីរឿងរ៉ាវគ្រប់យ៉ាង ដែលកើតឡើងក្នុងថ្ងៃនោះ។ វាជាបទពិសោធន៏ ខ្មោចលង ដ៏សាហាវបំផុត ដែលខ្ញុំមិនដែលធ្លាប់ជួបប្រទះ។
ទៅដល់ផ្ទះវិញ ខ្ញុំដេកឈឺ ក្នុងបន្ទប់ ញុំាបាយក៏មិនចូល បានត្រឹមដេកទ្រឹងនៅលើគ្រែម្នាក់ឯង តាំងពីល្ងាច រហូតដល់យប់ជ្រៅ។
ទ្រើតៗៗៗ សំលេងទូរសព្ទ័ ក៏បានដាស់ខ្ញុំអោយបើកភ្នែកព្រឹមៗ ដើម្បីអានសារមួយ ! គ្រាន់តែបើកទូរសព្ទ័មើលភ្លាម ខ្ញុំហាក់ស្រាវស្រាលក្នុងចិត្តយ៉ាងខ្លាំង ព្រោះតែសារនោះ មិនបានសរសេរអ្វីទាំងអស់ ហើយសូម្បីតែលេខទូរសព្ទ័អ្នកផ្ញើរ ក៏ខ្ញុំមើលមិនឃើញដែរ។
“រឺ រឺមួយ នោះជា…” (ខ្ញុំនិយាយតិចៗម្នាក់ឯង ទាំងញ័រមាត់) ។
រំពេចនោះ ខ្ញុំហាក់លឺសម្លេងមនុស្សប្រុសល្វើយៗ នៅក្បែរគុម្ភត្រចៀកខ្ញុំ ឯភ្នែករបស់ខ្ញុំហាក់សម្លឹងឃើញ ស្រមោលមនុស្សប្រុសមាឌធំម្នាក់ ដែលឈរនៅក្បែរបង្អួចបន្ទប់ខ្ញុំ។ ទោះជាខ្ញុំមើលមិនឃើញ មុខបុរសម្នាក់នោះច្បាស់ តែត្រចៀកខ្ញុំ ហាក់លឺសូរសម្លេងគាត់និយាយមួយៗ កំពុងដង្ហើយ បបួលខ្ញុំអោយទៅចង.ក ជាមួយ។
<<<<< … ទេ ទ ទ ទេ ទេ ទេ …>>>>>>>
ខ្ញុំភ័យស្លន់ស្លោរ ស្រែករហូតដល់បើកភ្នែកឡើង
សំលឹងទៅកាន់ពិតានដ៏ចម្លែក ដែលហាក់មិនមែនជាពិតានបន្ទប់ខ្ញុំ។
ឪពុកម្តាយ បងប្អូន និងមិត្តភក្តិខ្ញុំពីរបីនាក់ កំពុងអង្គុយធ្វើមុខស្រងូតស្រង៉ាត់ នៅចុងជើងគ្រែរបស់ខ្ញុំ។
នោះ ! …ទីនោះ គឺជាមន្ទីរពេទ្យ
ហើយ …ហើយ ខ្ញុំមានអារម្មណ៏ថាឈឺត្រង់ ក ខ្លាំងណាស់ !!!
“អូ សាសា ដឹងខ្លួនហើយ” (មិត្តភក្តិខ្ញុំម្នាក់ស្រែកបន្លឺឡើង)
“ហើយកូនឯង ពិបាកចិត្តរឿងអី? មានរឿងអី អាចនិយាយជាមួយម៉ាក់ប៉ាបាន។ ហេតុអី ក៏កូនល្ងង់ខ្លាំងម្ល៉េះ សាសាកូន? សំណាងហើយ ដែលប្អូនឯងឃើញទាន់ កុំអី.. “ (ម្តាយខ្ញុំនិយាយតិចៗ ទាំងទឹកភ្នែក)
ខ្ញុំហាក់ស្រឡាំងកាំង រកនិយាយអ្វីមិនចេញ ព្រោះតែដឹងខ្លួនច្បាស់ ថាខ្ញុំប្រាកដជាបានចង.ក កាលពីយប់មិញ។ មិនបង្អប់យូរ ខ្ញុំក៏ប្រញាប់រៀបរាប់ពីហេតុការណ៏ទាំងអស់ប្រាប់គ្រួសាររបស់ខ្ញុំ។ ទោះជាអ្នកខ្លះគិតថាខ្ញុំឆ្គួត ក៏ខ្ញុំព្យាយាមតឿនម្តាយឪពុកខ្ញុំ ធ្វើដំណើរទៅវត្តដើម្បីស្រោចទឹកចេញ។
គ្រាន់តែទៅដល់វត្តភ្លាម ព្រះសង្ឃជាច្រើនអង្គ ប្រញាប់យកទឹកមន្ត មកកូរ រួចជះលើខ្លួនប្រាណខ្ញុំយ៉ាងគំហុក ព្រោះតែព្រះសង្ឃ អាចមើលដឹងពីទឹកមុខដ៏ខ្មៅស្រអាប់របស់ខ្ញុំ ដែលបញ្ជាក់ថាខ្ញុំកំពុង ត្រូវវិញ្ញាណខ្មោចដើរតាម។

នឹកដល់រឿងនេះកាលណា ខ្ញុំនៅតែព្រឺសំបុរគីង្គក់ជាប់ជានិច្ច បើទោះជារាប់ខែកន្លងទៅនេះ ខ្ញុំមិនដែលបានជួបរឿង អស់ទាំងនោះទៀតក៏ដោយ។ អរគុណព្រះជាម្ចាស់ ដែលខ្ញុំអាចនៅមានជីវិតរស់រាន្តមកដល់សព្វថ្ងៃ។ ហេតុនេះ ទើបខ្ញុំចង់ផ្តាំផ្ញើរ មិត្តគ្រប់គ្នា កុំចូលចិត្តឋិតនៅទីកន្លែងស្ងប់ស្ងាត់ តែម្នាក់ឯងពេក ព្រោះវិញ្ញាណខ្មោចទាំងនោះ អាចនឹងនៅក្បែរអ្នកគ្រប់ពេលវេលា។ ហើយនៅថ្ងៃណាមួយ ដែលរាសីអ្នកស្រុតចុះ ពួកគេអាចនឹងយកជីវិតយើងដោយស្ងាត់ៗ ដោយបបួលអ្នកអោយទៅចង.ក ទាំងមិនបន្សល់ទុកស្លាកស្នាមអ្វីទាំងអស់។
ប្រភព៖ Sandra Romdul
Post a Comment