ចូលធ្វើការបាន ១ខែ “គេ”ឆក់យកជីវិតមកអោយ យាមបន្ទប់ទឹកជំនួស😱😵








“តុកៗ តុកៗ” សម្លេងគោះទ្វារបន្លឺឡើង … កំពុងយល់សប្តិល្អផង ស្រីរត្ន័ត្រូវបង្ខំចិត្ត ក្រោកពីយល់សប្តិ ដើម្បីទៅបើកទ្វារបន្ទប់។

“ម៉ាក់… ម៉ាក់មានការអីទាំងព្រឹកហ្នឹង?” ស្រីរត្ន័និយាយទាំង មីងមាំងក្នុងខ្លួន..

“អត់មានអីទេ… ហមម គ្រាន់តែម៉ាក់យល់សប្តិមិនល្អ ទាក់ទងហ្នឹងឯង។ ថ្ងៃនេះបើឯងទំនេរ ម៉ាក់ចង់នាំឯងទៅស្រោចទឹកនៅវត្តចេញម្តង ព្រោះឆ្នាំនេះឯង ជាន់ឆ្នាំផង” ម្តាយស្រីរត្ន័និយាយទាំងទឹកមុខព្រួយបារម្ភ។

“ស្លាប់ហើយ ចឹងសោះ ស្មានតែអីម៉ាក់។ ដាច់យល់សប្តិញ៉ុមអស់អាលីង។ ថ្ងៃនេះខ្ញុំអត់ទំនេរទេម៉ាក់ ព្រោះខ្ញុំត្រូវចូលធ្វើការថ្ងៃដំបូងផង។ ចាំស្អែកទៅម៉ាក់។ ឡូវញ៉ុមសុំដេកម៉ាសន្ទុះទៀតសិនណាម៉ាក់” ។

ស្រីរត្ន័ប្រញាប់ទាញទ្វារបន្ទប់បិទ រួចសំដៅទៅដេកលើគ្រែយ៉ាងលង់លក់ ទាំងដែលគេ មិនបានដឹងទេថា ម្តាយរបស់គេ បានយល់សប្តិឃើញមនុស្សអត់ក្បាល ដើរតែលតោល ស្រែកយំយែកគួរអោយខ្លាច ដែលមនុស្សអត់ក្បាលម្នាក់នោះ ជាក់ស្តែងណាស់គឺជារូបគេ…។

“១២ម៉ោង មុនពិធីបុណ្យសពចាប់ផ្តើម”

អារត្ន័ អារត្ន័ អារត្ន័… នេះជាសម្លេងម្តាយស្រីរត្ន័ បន្លឺឡើងយ៉ាងខ្លាំង ដើម្បីដាស់នាង អោយភ្ញាក់ពីដំណេកជាលើកទីពីរ ព្រោះទ្រនិចនាឡិកា បានរំកិលជិតដល់ពេល ដែលស្រីរត្ន័ត្រូវចូលធ្វើការ នៅកន្លែងថ្មី ថ្ងៃដំបូងហើយ។

ស្រីរត្ន័ភ្ញាក់ព្រឺត ដូចខ្មោចទើបស្លាប់៧ថ្ងៃ រត់ស្ទុះវឹង ម្នីម្នា ដុះធ្មេញបណ្តើរ អ៊ុតអាវបណ្តើរ ព្រោះនាងខ្លាចទៅធ្វើការមិនទាន់ពេល។ សម្លៀកបំពាក់ធ្វើការ របស់ស្រីរត្ន័គឺសាមញ្ញៗ គ្មានឯកសណ្ឋាន ព្រោះកន្លែងធ្វើការរបស់នាង គឺជាក្រុមហ៊ុនឯកជនដ៏ទ្រុឌទ្រោម មិនល្បីឈ្មោះមួយ។ ប៉ុន្តែ អ្វីដែលគួរអោយចាប់អារម្មណ៏បំផុតនោះ គឺថ្ងៃនេះ ស្រីរត្ន័បែរជាសំរេចចិត្តស្លៀកពាក់ អាវខ្មៅខោខ្មៅ ទៅធ្វើការទៅវិញ។

ដោយបើកបរ ជាមួយកុងទ័រម៉ាភ័យៗ ស្រីរត្ន័បានទៅដល់កន្លែងធ្វើការនៅម៉ោង៩ត្រឹម ហើយត្រូវបានទទួលស្វាគមន៏យ៉ាងកក់ក្តៅ ពីម្ចាស់ក្រុមហ៊ុន ពីព្រោះតែនាងជាបុគ្គលិកតែម្នាក់គត់ ដែលត្រូវធ្វើការនៅទីនោះ។ មួយសន្ទុះក្រោយមក លោកប្រធានក៏បានចាកចេញពីក្រុមហ៊ុន ព្រោះគាត់មានភារកិច្ចផ្សេងត្រូវធ្វើនៅខាងក្រៅ។ គាត់បានប្រគល់ឯកសារមួយចំនួន អោយស្រីរត្ន័បញ្ចូលទៅក្នុងកុំព្យួទ័រ នឹងទុកសោរទ្វារក្រុមហ៊ុនអោយស្រីរត្ន័កាន់កាប់។

អ្វីដែលគួរអោយចម្លែកចិត្ត គឺគាត់បានផ្តាំស្រីរត្ន័ជាច្រើនលើកច្រើនសារ ដោយមិនអោយប្រើបន្ទប់ទឹក នៅក្នុងក្រុមហ៊ុនជាដាច់ខាត ដោយសំអាងថា បន្ទប់ទឹកនោះខូចប្រើមិនកើត។

“បើប្អូនចង់ប្រើបន្ទប់ទឹក ប្អូនអាចប្រើបង្គន់សាធារណ: នៅកាច់ជ្រុងផ្លូវបាន។ ចាំទំនេរ ចាំបងហៅជាងអោយមកធ្វើបន្ទប់ទឹកយើង” ប្រធានរបស់ស្រីរត្ន័ និយាយបញ្ជាក់។

“ចាស ចាស មិនអីទេលោកប្រធាន។ សូមលោកប្រធានកុំបារម្ភ ពីខ្ញុំអី” (រាងចម្លែកចិត្តបន្តិច ប៉ុន្តែស្រីរត្ន័តបដោយសម្តីទន់ភ្លន់ ហើយភ្នែករបស់នាង កំពុងសំលឹងទៅកាន់បន្ទប់ទឹក នៅជ្រុងម្ខាងនៃក្រុមហ៊ុន ដែលរុំពទ្ធ័ដោយសំបុកពីងពាងយ៉ាងក្រាស់ឃ្មឹក)។



៨ម៉ោងមុនពិធីបុណ្យសពចាប់ផ្តើម

ស្រីរត្ន័ចំណាយពេលជាងពីរម៉ោង ដើម្បីបញ្ចូលឯកសារទៅក្នុងកុំព្យូទ័រ ដោយមិនងើបពីកៅអី ព្រោះនេះជាថ្ងៃធ្វើការដំបូងរបស់នាង។ គ្រាន់តែរួចដៃភ្លាម ស្រាប់តែមេឃប្រែពណ៌ជាខ្មៅងងឹត ខ្យល់បក់ដូចព្យុះស៊ូណាមិ បង្អុរភ្លៀងយ៉ាងគំហុក ធ្វើអោយបរិយាកាសមើលទៅ គួរអោយរន្ធត់។ ទិដ្ឋភាពបែបនោះ បានឃាត់ដំណើរស្រីរត្ន័ ចេញទៅណា មិនកើត ព្រោះតែមេឃរំកិលធ្លាក់បាក់ ស្ទើរស្មើដី។
ស្រីរត្ន័ អង្គុយធ្វើភ្នែកម៉ក់ៗ ក្នុងបន្ទប់ការិយាល័យដ៏ត្រជាក់ស្រេប គួរអោយស្រៀវ ជាមួយពន្លឺភ្លើងអំពូលរិចៗ សឹងមើលអ្វីមិនឃើញ។ ទោះជាម៉ោងជិតមួយថ្ងៃត្រង់ក៏ដោយ ក៏នាងមិនខ្វាយខ្វល់រឿងបាយទឹកដែរ ប៉ុន្តែអ្វីដែលនាងកំពុងតែព្រួយបារម្ភ គឺការរំដោះទុក្ខសត្វលោក។ នាងប្រឹងទប់អារម្មណ៏ រង់ចាំអោយភ្លៀងរាំង ដើម្បីដើរទៅចូលបន្ទប់ទឹកសាធារណ:នៅជ្រុងផ្លូវ។

“ស៊យនោះស៊យ ! ក្រុមហ៊ុនធំប៉ុណ្ណាណី គ្មានបន្ទប់ទឹកប្រើ។” (ស្រីរត្ន័រអ៊ូម្នាក់ឯង ដោយហួសចិត្ត)

ទោះជាយូរយ៉ាងណា ក៏ព្រះភិរុណ មិនអាណិតដល់ចិត្តស្រីរត្ន័ឡើយ។ នាងកាន់តែចាំ ភ្លៀងកាន់តែធ្លាក់ បណ្តាលអោយទឹកលិចផ្លូវស្ទើរត្រឹមជង្គង់។

“ទេ ! ខ្ញុំទប់លែងបានហើយ” (ស្រីរត្ន័ស្រែកខ្លាំងៗ)

ដោយទ្រាំទៀតមិនបាន នាងក៏សំរេចចិត្តស្ទុះវឹង ដើរទៅកាន់បន្ទប់ទឹកនៅជ្រុងម្ខាង ក្នុងក្រុមហ៊ុន ដែលឋិតក្នុងការហាមឃាត់ របស់លោកប្រធាន។ គ្រាន់តែទៅដល់មុខបន្ទប់ទឹក ស្រីរត្ន័បះរោមខ្ញាក (ព្រោះតែនាង ឈឺបត់ជើងតូចកំរិតធ្ងន់)។ ចិត្តមួយចង់ស្ទុះចូលទៅក្នុង តែចិត្តមួយទៀតហាក់មិនហ៊ានល្មើសបញ្ជារបស់លោកប្រធាន។

“សុំទោស ! សុំទោសលោកប្រធាន…” (ស្រីរត្ន័និយាយខ្សឹបៗ) រួចក៏សំរេចចិត្តច្រានទ្វារបន្ទប់ទឹកចូលទៅ។

“ឈបសិន !!!” — រំពេចនោះ សម្លេងដ៏ស្រួយស្រេះបានបន្លឺឡើង ជាមួយដៃដ៏ត្រជាក់ស្រឹប ចាប់ទាញដៃស្រីរត្ន័មិនអោយចូលបន្ទប់ទឹក។

“នាងគ្មានសិទ្ធិចូលទៅក្នុងបន្ទប់ទឹកនេះទេ”.. សម្លេងនោះបន្ត។

ស្រីរត្ន័ភ្ញាក់ព្រើត នាងស្រឡាំងកាំង ឈរសំលឹងមើល រាងកាយនារីម្នាក់ជាមួយឯកសណ្ឋានក្រុមហ៊ុន ដែលមានមាឌធំ និងទឹកមុខខ្មៅស្រអាប់ គួរអោយខ្លាច។

“អ្នក…អ្នក… អ្នកនាង គឺអ្នកណាដែរ?” (ស្រីរត្ន័សួរដោយសម្លេងតក់ស្លុត)

“ខ្ញុំឈ្មោះលីណា ! គឺជាប្រធានផ្នែក Marketing នៅក្នុងក្រុមហ៊ុននេះ។ នាងឆាប់ចេញអោយឆ្ងាយពីបន្ទប់ទឹកនេះភ្លាម ប្រយត្ន័ខ្ញុំប្រាប់លោកប្រធាន អោយបញ្ឈប់នាងពីការងារ”

សម្លេងមួយៗ ធ្ងន់ៗ កំបុតៗ របស់លីណា រឹតតែធ្វើអោយស្រីរត្ន័ភ័យ ចង់បត់ជើងតូចកាន់តែខ្លាំង។

“សុំ.. សុំទោសបងលីណា ! ខ្ញុំគ្មានចេតនាទេ ព្រោះតែភ្លៀងខ្លាំងពេក ទើបខ្ញុំមិនអាចចេញក្រៅ ទៅប្រើបន្ទប់ទឹកសាធារណ:បាន” (ស្រីរត្ន័និយាយ)

“បានហើយ ឈប់និយាយទៅ ! នាងទៅយកឆ័ត្រក្នុងថតតុខាងមុខ រួចដើរទៅប្រើបន្ទប់ទឹកសាធារណចុះ” លីណាតប ដោយសម្តីមួយៗ !

មិនបង្អង់យូរ ស្រីរត្ន័ប្រញាប់រត់ទៅយកឆត្រ័ មួរជើងខោយ៉ាងលឿន រួចរត់ទៅក្រៅទាំងរអៀសខ្លួន។ បន្ទាប់ពីប្រើពេលជិត១០នាទី ដើម្បីរំដោះទុក្ខសត្វលោក ស្រីរត្ន័ក៏ឆ្លៀតខ្ជប់នំចំណីបន្តិចបន្តួច បំណងយកទៅផ្ញើរលីណា ដើម្បីលួងលោមលីណា កុំអោយប្រាប់លោកប្រធានពីរឿងដែលនាងមានះចង់ចូលបន្ទប់ទឹកក្រុមហ៊ុន។

“…បងលីណា ! បងលីណា…” (ស្រីរត្ន័ស្រែកហៅលីណា ពេញបន្ទប់ក្រុមហ៊ុន)
ទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅពេលនោះ បានបញ្ជាក់ថា គ្មាននរណាម្នាក់នៅក្រុមហ៊ុន ក្រៅពីស្រីរត្ន័ឡើយ។

“ស្អីគេចេះ ! ខំទិញអីមកផ្ញើរហើយ បែរជាមិននៅទៀត។ ចង់មកក៏មក ចត់ទៅវិញ ក៏អត់មានប្រាប់ម៉ាម៉ាត់ ដូចខ្មោចចឹង”… (ស្រីរត្ន័និយាយតិចៗម្នាក់ឯង)។

និយាយរួចស្រីរត្ន័ក៏អង្គុយញុំានំចំណីម្នាក់ឯង ក្នុងបរិយាកាសដ៏ត្រជាក់ក្នុងក្រុមហ៊ុន។ បន្ទាប់ពីញុំានំចំណីរួច ស្រីរត្ន័ក៏បន្តការងាររបស់ខ្លួន ស្រាប់តែរំពេចនោះ ទ្វារបន្ទប់ទឹក នៅជ្រុងម្ខាងនៃក្រុមហ៊ុន ក៏របើកឡើង។

“ម៉េចក៏នៅសុខៗទ្វាររបើកចឹង? រឺមួយមកពីខ្ញុំបិទមិនជិត?” ស្រីរត្ន័សំដែងការងឿងឆ្ងល់។ ដោយខ្លាចលោកប្រធានដឹង ស្រីរត្ន័ក៏ងើបដើរសំដៅ ទៅកាន់បន្ទប់ទឹកដើម្បីបិទទ្វារវិញ ស្រាប់តែពេលនោះ នាងភ្ញាក់ស្រឡាំងកាំង ស្ទើរមិនជឿនូវអ្វីដែលនាងឃើញចំពោះមុខ។



…វាគឺជាបន្ទប់ទឹកមួយ ដែលដាក់ពេញ ដោយកម្រងផ្កាមរណទុក្ខ បំពាក់ដោយរូបថត អ្នកដែលស្លាប់ជាច្រើននាក់។ អ្វីដែលធ្វើអោយស្រីរត្ន័ រន្ធត់ចិត្តស្ទើរសន្លប់បាត់ស្មារតី គឺក្នុងចំនោមនោះ ក៏មានរូបថតរបស់លីណា ដែលនាងទើបនឹងនិយាយជាមួយ មុននេះដែរ។ ឃើញដូច្នោះ ស្រីរត្ន័ច្រានទ្វារបន្ទប់ទឹកបិទយ៉ាងប្រញាប់ប្រញាល់ រួចប្រឹងរត់សំដៅយ៉ាងលឿន ទៅកាន់មាត់ទ្វារក្រុមហ៊ុន ប៉ុន្តែនៅពេលនោះ ….. ភ្នែកទាំងគូរបស់នាង បានក្រឡេកឃើញ លីណា កំពុងអង្គុយសណ្តូកជើង ក្បែរមាត់ទ្វារចេញ ទឹកមុខស្វាយស្រអាប់ ភ្នែកឡើងក្រហម ជាមួយស្នាមញញឹមតិចៗ….មកកាន់នាង។

៤ម៉ោង មុនពិធីបុណ្យសពចាប់ផ្តើម

នេះជាលើកទីមួយ ដែលស្រីរត្ន័បានឃើញទិដ្ឋភាព ដ៏គួរអោយតក់ស្លុតបែបនេះ។ ទោះជានាងប្រឹងស្រែកយ៉ាងណា ក៏សម្លេងរបស់នាងមិនបន្លឺរចេញទាល់តែសោះ។

ស្រីរត្ន័ប្រឹងស្រែករហូត ស្រែកដល់ភ្ញាក់ដឹងខ្លួនពីយល់សប្តិ។ នាងបែកញើសប៉ុនគ្រាប់ពោត ទ្រូងដង្ហក់ស្ទើរស្ទះ ។ ការពិតនាងបានដេកលង់លក់ អស់រយ:ពេលជាង៣ម៉ោង។

… “អរគុណព្រះជាម្ចាស់” (ស្រីរត្ន័និយាយ ទាំងធូរទ្រូង)។

ប៉ុន្តែ មិនទាន់នឹងបាត់ស្លន់ស្លោរផង ទ្វារបន្ទប់ទឹក ក៏របើកក្រាក ដូចក្នុងយល់សប្តិរបស់នាងបេះបិទ។ ស្រីរត្ន័ភ្ញាក់ព្រើត បេះដូងនាងដើរញាប់ជាងម៉ាស៊ីនផុងទៅទៀត។
នាងស្ទុះងើបចេញពីកៅអី រត់សំដៅទៅទ្វារចេញ ទាំងភិតភ័យ។

“ទេ… មិនអាចទេ …” នាងឈប់ង៉ក់ ហើយក៏សំរេចចិត្ត ដើរចូលទៅក្រុមហ៊ុនវិញ។

ដោយមានគំនិតជាមនុស្សសម័យថ្មី មិនសូវជឿរឿងក្នុងភពងងឹត ស្រីរត្ន័ក៏តាំងអារម្មណ៏ក្លាហាន ដើរទៅបិទទ្វារបន្ទប់ទឹកនោះជាថ្មី។ ទៅដល់មុខបន្ទប់ទឹក ស្រីរត្ន័ហាក់មានអារម្មណ៏ធូរស្រាលជាងមុន។ នាងញញឹមដោយធូរទ្រូង សំលឹងទៅក្នុងបន្ទប់ទឹកដ៏សាមញ្ញ គ្មានឃើញអ្វីក្រៅពីក្បាលរុំប៊ីនេ និងបង្គន់ដ៏តូចមួយនោះទេ។

ប៉ុន្តែ នៅជ្រុងម្ខាងក្នុងបន្ទប់ទឹក គឺមានបន្សល់នូវបាច់ផ្កាដែលស្វិតក្រៀម ជាមួយកំប៉ុងជើងធូបមួយ ហាក់ជាសញ្ញានៃការគោរពបូជាដល់នរណាម្នាក់។

ទិដ្ឋភាពបែបនោះ ក៏ជំរុញចិត្តស្រីរត្ន័អោយព្រឺព្រួចជាថ្មី។ នាងប្រញាប់ច្រានទ្វារបិទ ហើយដើរសំដៅទៅកន្លែងនាងវិញយ៉ាងលឿន។

“…គ្មានរឿងអីកើតឡើងទេ។ កុំគិតច្រើន!” .. ស្រីរត្ន័និយាយប្រាប់ខ្លួនឯង ដោយភាពក្លាហាន។

ប៉ុន្តែ….រំពេចនោះ ដៃមួយដ៏ត្រជាក់ បានស្ទុះមកចាប់ស្មាស្រីរត្ន័ យ៉ាងណែន។ ….. នោះគឺលោកប្រធាន។

“ហត់នឿយហើយ ប្អូន ! ថ្ងៃនេះ អរគុណប្អូនណាស់ ដែលបានធ្វើការយ៉ាងសកម្ម” លោកប្រធាន និយាយសរសើរស្រីរត្ន័។

“ចា ចា ចាស ខ្ញុំសប្បាយចិត្តណាស់ ដែលលោកប្រធាន ពេញចិត្តការងាររបស់ខ្ញុំ”… ស្រីរត្ន័និយាយ ដោយទឹកចិត្តរំភើប និងធូរស្បើយក្នុងទ្រូង។

លោកប្រធានញញឹម រួចក៏ប្រាប់ស្រីរត្ន័ អោយជួយដើរទៅទិញផ្លែឈើនៅក្បែរក្រុមហ៊ុន ដើម្បីយកទៅសួរសុខទុក្ខមិត្តភក្តិរបស់គាត់នៅមន្ទីរពេទ្យ។

បន្ទាប់ពីទិញផ្លែឈើរួច ស្រីរត្ន័ក៏លាលោកប្រធាន
ត្រលប់ទៅផ្ទះនាងវិញ។ ពេលទៅដល់ផ្ទះ ស្រីរត្ន័បានកប់ទុករឿងរ៉ាវទាំងអស់ ជាមួយអាហារ
ដ៏ឈ្ងុយឆ្ងាញ់ និងការសម្រាកយ៉ាងស្កប់ស្កល់ បន្ទាប់ពីធ្វើការដែលបញ្ចេញអស់កំលាំងកាយ និងកំលាំងចិត្តពេញមួយថ្ងៃ។

ស្រីរត្ន័ដេកលើគ្រែ យ៉ាងច្រង៉េងច្រង៉ាង គ្មានជំពាក់អ្នកណាមួយរៀល ទាំងនាងមិនបានដឹងទេថា មិត្តភក្តិរបស់លោកប្រធាន ដែលកំពុងដេកសល់ដង្ហើមចង្រិតនៅមន្ទីរពេទ្យ គឺជាបុគ្គលិកចាស់ របស់ក្រុមហ៊ុន ផ្នែក Marketing ឈ្មោះលីណា។

កាលពី២ថ្ងៃមុន លីណាត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជាប់នៅក្នុងបន្ទប់ទឹកក្រុមហ៊ុន អស់ជាច្រើនថ្ងៃ។ អាការ:របស់នាង កាន់តែធ្ងន់ធ្ងរទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

ដូច្នេះហេតុអ្វី នាងអាចធ្វើដំណើរមកជួបនឹងស្រីរត្ន័បាន?
សំណួរនេះ នៅតែជាអាថ៌កំបាំង។ ក្រៅពីស្រីរត្ន័ គ្មាននរណាម្នាក់ បានដឹងទេថា លីណាបានត្រលប់មកក្រុមហ៊ុននៅថ្ងៃនេះ។
…………………………………………………………………………………….

យប់ម៉ោង៨ ថ្ងៃដដែល អ្នកជម្ងឺឈ្មោះលីណា
បានដាច់ខ្យល់ស្លាប់ បន្ទាប់ពីការជួយសង្គ្រោះ
អស់រយ:ពេល៤៨ម៉ោង។ នៅពេលនោះដែរ
ពិធីបុណ្យសពរបស់លីណា ក៏ចាប់ផ្តើមឡើង
ទាំងស្ងប់ស្ងាត់ នឹងឋិតជាអាថ៌កំបាំង សម្រាប់ស្រីរត្ន័។
ភាគបញ្ចប់: មួយខែ ក្រោយពិធីបុណ្យសព

អស់រយ:ពេលមួយខែគត់ ដែលស្រីរត្ន័បានធ្វើការនៅក្នុងក្រុមហ៊ុន។ ត្បិតថ្ងៃដំបូង នាងបានជួបរឿងស្មុគស្មាញមួយចំនួន ប៉ុន្តែអារម្មណ៏របស់ស្រីរត្ន័ ហាក់ដូចជាសាំនឹងការងារ ហើយគ្មានភ័យខ្លាចអ្វីទាំងអស់ បន្ទាប់ពីថ្ងៃដំបូងនោះមក។ អ្វីដែលគួរអោយចាប់អារម្មណ៏ គឺនាងមិនសូវបាននិយាយជាមួយប្រធានរបស់នាងឡើយ ព្រោះគាត់មិនសូវមកក្រុមហ៊ុន ហេតុនេះគាត់ក៏មិនបានអើពើ នឹងការជួសជុលបន្ទប់ទឹកដែរ។

ស្រីរត្ន័ ស្ទើរតែក្លាយជាមិត្តភក្តិល្អ ជាមួយអ្នកយកលុយបន្ទប់ទឹកសាធារណ:ទៅហើយ
ព្រោះមួយថ្ងៃ ហោចណាស់ ក៏នាងត្រូវចេញក្រៅ
ដើម្បីចូលបន្ទប់ទឹក៣ដងដែរ។

ថ្ងៃនេះជាថ្ងៃបើកប្រាក់ខែដំបូង ហើយក៏ជាថ្ងៃខួបកំណើត
របស់ម្តាយស្រីរត្ន័ដែរ។ នាងក្រោកពីព្រលឹម រត់ទៅអោបម្តាយ ពេញដោយក្តីស្រលាញ់។ កាលវិភាគតែមួយគត់
របស់ស្រីរត្ន័ក្នុងថ្ងៃនេះ គឺត្រូវទៅទិញនំខួបកំណើតអោយម្តាយនាង
បន្ទាប់ពីនាងបើកប្រាក់ខែថ្ងៃដំបូង។ មិនខុសពីការរំពឹងទុក
នៅពេលរសៀល ប្រធានរបស់ស្រីរត្ន័បានហុចស្រោមសំបុត្រ ជាមួយទឹកប្រាក់យ៉ាងក្រាស់ក្រែល ដើម្បីតបស្នង
ដល់កំលាំងរបស់ស្រីរត្ន័។ ស្រីរត្ន័សប្បាយចិត្តណាស់ នាងក៏ប្រញាប់សុំលោកប្រធាន ចេញទៅក្រៅដើម្បី
ទិញនំអោយម្តាយនាង។

ស្រីរត្ន័បានជ្រើសរើសនំខួបកំណើត ដែលថ្លៃជាងគេ សម្រាប់អ្នកម្តាយជាទីស្រលាញ់របស់ខ្លួន ព្រោះកន្លងមក នាងមិនដែលធ្វើខួបកំណើតអោយម្តាយនាងឡើយ។
ដើរបណ្តើរ កាន់នំខួបកំណើតបណ្តើរ ស្រីរត្ន័ញញឹម
ទាំងទឹកមុខខ្មៅស្រអាប់។ អ្នកដំណើរតាមដងផ្លូវ ងាកមើលមុខស្រីរត្ន័ទាំងក្តីភ្ញាក់ផ្អើល។
រំពេចនោះ ទូរសព្ទ័នាងក៏រោទិ៏ឡើង។

“អាឡូជំរាបសួរលោកប្រធាន។ ខ្ញុំស្រីរត្ន័កំពុងនិយាយ”

“អាឡូស្រីរត្ន័ ! ឥលូវនេះខ្ញុំកំពុងនៅតាមផ្លូវ ធ្វើដំណើរទៅចូលរួមសន្និសិទមួយល្ងាចនេះ ! សូមប្អូន ជួយឈាងចូលក្រុមហ៊ុន ដើម្បីផ្ញើរឯកសារកាលពីម្សិលមិញ តាម Email របស់ខ្ញុំផង”
(ប្រធានរបស់ស្រីរត្ន័ និយាយទាំងប្រញាប់)។

ស្រីរត្ន័ក៏ទទួលភារកិច្ចពីលោកប្រធាន ធ្វើដំណើរយ៉ាងលឿន
ទៅកាន់ក្រុមហ៊ុន ដែលនៅឆ្ងាយប៉ុន្មានពីកន្លែងលក់នំខួបកំណើត។
ទៅដល់ក្រុមហ៊ុន ស្រីរត្ន័បានប្រញាប់ប្រញាល់ ស្វែងរកឯកសារ ដើម្បីផ្ញើរទៅអោយលោកប្រធាន តាមការបញ្ជា។

បរិយាកាសដ៏ត្រជាក់ស្រេបក្នុងក្រុមហ៊ុន ជាមួយភាពស្ងប់ស្ងាត់ និងងងឹតស្លុងស្លប់ បានបង្កើតអារម្មណ៏ព្រឺព្រួចជាថ្មី



ម្តងទៀតដល់ស្រីរត្ន័។ យ៉ាងណាក៏ដោយ ក៏នាងនៅតែ
មានភាពក្លាហាន ជាមួយទឹកមុខញញឹមរីករាយ ព្រោះតែសំលឹងឃើញនំខួបកំណើតរបស់ម្តាយនាង។

“ខ្ញុំនឹងធ្វើអោយម៉ាក់ភ្ញាក់ផ្អើល ! ម៉ាក់ចាំមើលទៅ”
ស្រីរត្ន័និយាយតិចៗម្នាក់ឯង ដោយភាពរីករាយ។

បន្ទាប់ពីផ្ញើរឯកសាររួចរាល់ហើយ នាងក៏ប្រញាប់បិទភ្លើង
បិទបង្អួច ហើយចុងក្រោយ គឺដើរទៅបិទទ្វារបន្ទប់ទឹក
ដែលបើកចោល មិនដឹងតាំងពីថ្មើរណា។

ស្រីរត្ន័ដើរមួយៗ ទៅបិទទ្វារបន្ទប់ទឹកដោយអារម្មណ៏ធម្មតា។ គ្រាន់តែនាងរៀបនឹងបិទទ្វារបន្ទប់ទឹក សំលេងស្រួយស្រេះ ល្វើយៗ កំបុតៗ បានលេចចេញម្តងទៀត។

“…ឈប់សិន ស្រីរត្ន័ ” (សម្លេងនោះបន្លឺឡើង)

ស្រីរត្ន័ភ្ញាក់ព្រើត ! បេះដូងនាង ប្រែជាលោតញាប់
ខុសប្រក្រតី។ នាងក្រឡេកមើលក្នុងបន្ទប់ទឹក
ឃើញរាងកាយមាំធំរបស់នារីម្នាក់ ស្លៀកសំលៀកបំពាក់ ឯកសណ្ឋានរបស់ក្រុមហ៊ុន ជាមួយទឹកមុខស្វាយងងឹត គួរអោយខ្លាច។ តែម្នាក់នោះ នាងដូចជាធ្លាប់ស្គាល់។

“បង បង.. បង លី ណា ???” ស្រីរត្ន័សួរទាំងភ្ញាក់ផ្អើល។

“បង បងមកទីនេះ តាំងពីអង្កាល់ ? ហេតុអីក៏បងនៅក្នុងបន្ទប់ទឹកនេះ ?
ខ្ញុំ ខ្ញុំគ្មានចេតនាចូលបន្ទប់ទឹកនេះទេ ! សូមបងកុំយល់ច្រឡំ ខ្ញុំគ្រាន់តែចង់ទាញទ្វារបិទប៉ុណ្ណោះ”

ទោះជាភិតភ័យបន្តិច តែស្រីរត្ន័ប្រឹងនិយាយការពារខ្លួន ព្រោះខ្លាចលីណាយល់ច្រលំថានាង ចង់ចូលបន្ទប់ទឹកនោះ។

“មិនអីទេ …” លីណានិយាយល្វើយៗ គួរអោយព្រឺក្បាល ….
“ពេលនេះ ឯងអាចចូលបន្ទប់ទឹកនេះបានហើយ ! សូមឯងមើលថែបន្ទប់ទឹកនេះអោយល្អ ជំនួសយើងផង”

និយាយចប់ លីណាក៏បានទាញដៃស្រីរត្ន័យ៉ាងណែន ដើរចូលបន្ទប់ទឹកជាមួយគ្នា ដោយសន្សឹមៗ ….

………………………………………………

ស្អែកឡើង សាកសពរបស់ស្រីរត្ន័ ត្រូវបានប៉ូលីសរកឃើញ ក្នុងបន្ទប់ទឹកក្រុមហ៊ុន ស្លាប់ទាំងអង្គុយលើចានបង្គន់ ដែលសង្ស័យថាជាករណីខ្យល់គរស្លាប់។

នៅក្បែរខ្លួនស្រីរត្ន័ គ្មានបន្សល់នូវតំរុយអ្វីទាំងអស់
ក្រៅពីនំខួបកំណើត ដែលសរសេរថា “កូនស្រលាញ់ម៉ាក់” ….



ទីបំផុតស្រីរត្ន័ អាចស្នងដំណែងបានហើយ បន្ទាប់ពីលីណាបានបំពេញការងារអស់មួយខែ។
នាងគឺជាមនុស្សទី៧ ដែលត្រូវបានជ្រើសរើស ដើម្បីអោយយាមបង្គន់របស់ក្រុមហ៊ុន ដែលមានកុងត្រារយ:ពេល១ខែ ដូចលីណា និងបុគ្គលិកមុនៗដែរ។

បន្ទាប់ពីខែនេះ បុគ្គលិកថ្មីម្នាក់ទៀត នឹងត្រូវជ្រើសរើស អោយធ្វើការបន្ទាប់ពីស្រីរត្ន័។ ម្នាក់នោះ អាចជារូបអ្នក ព្រោះអ្នកយល់ដឹងបានច្រើន ពីបន្ទប់ទឹកមួយនោះ ! សូមចែករំលែករឿងនេះ អោយមិត្តភក្តិអ្នកបានអានផង ដើម្បីអោយអ្នកបានរួចខ្លួន ពីការជ្រើសរើសនោះ។

ប្រភព៖ Sandra Romdul

No comments