ឪពុកបូមឈាមនិងលក់គ្រលានដើម្បីយកលុយបង់ថ្លៃសាលាអោយ តែកូនបែរជាសម្លាប់ខ្លួនព្រោះ…

គ្រួសារ​ក្រីក្រ​មួយ​មាន​ម្ដាយ ឪពុក និង​កូន​ស្រី​តែម្នាក់​​គត់។ ឪពុក​​ជា​បង្គោល​គ្រួសារ​ក្នុង​ការ​ស្វែង​រក​ចំណូល ប៉ុន្តែ​រក​បាន​សម្រាប់​តែ​មួយ​រស់​ៗ​មិន​មាន​សល់​អ្វី​​ច្រើន​ទេ។ ទោះ​ជា​ស្ថានភាព​ក្រលំបាក​ប៉ុណ្ណា ​ពួកគាត់​តែង​តែ​មាន​ក្ដី​ស្រមៃ​ធំ​មួយ គឺ​ចង់​ឲ្យ​កូន​ស្រី​ធ្វើ​ជា​គ្រូពេទ្យ។ ពួក​គាត់​​ស្រលាញ់​កូន​ស្រី​ខ្លាំង​ណាស់​។ កូន​ស្រី​រូប​នេះ​ជា​កូន​ល្អ គោរព​ស្រលាញ់​លោក​ទាំង​ពីរ។


ថ្ងៃ​ប្រកាស​លទ្ធផល​ថ្នាក់​វិទ្យាល័យ​បាន​ឈាន​មក​ដល់ ហើយ​​កូន​ស្រី​ម្នាក់​នេះ​​បាន​ប្រលង​ជាប់​ពិន្ទុ​ខ្ពស់​។ “​ថ្ងៃ​នេះ​ ពុក​សប្បាយ​ចិត្ត និង​មាន​មោទនភាព​ណាស់ ដែល​កូន​ស្រី​ពុក​ប្រលង​​ជាប់។ ប្រាប់​ពុក​មើល កូន​ចង់​បាន​អ្វី ពុក​នឹង​ទិញ​ឲ្យ​កូន”។ ឪពុក​និយាយ។ “​ពុក! កូន​ចង់​បាន​រ៉ូប​​មួយ​ឈុត​ ​ដែល​កូន​បាន​បង្ហាញ​ពុក​កាល​ពី​មុន​នោះ​អី ប៉ុន្តែ​វា​ថ្លៃ​បន្តិច​ហើយ។ កាល​ថ្ងៃ​នោះ កូន​មិន​បាន​សុំ​ពុក​ឲ្យ​ទិញ​ទេ ប៉ុន្តែ​ពេល​​នេះ​សូម​ពុក​ទិញ​ឲ្យ​កូន​ណា​?” កូន​ស្រី​តប។ឪពុក​កាន់​តែ​សប្បាយ​ចិត្ត ទោះ​បី​ជា​គាត់​ដឹង​ថា​ ខ្លួន​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​ក្នុង​ការ​ទិញ​រ៉ូប​​នោះ​ក៏ដោយ​ តែ​គាត់​បាន​យល់​​ព្រម​ផ្ដល់​កាដូ​នោះ ព្រោះ​មិន​ចង់​ឃើញ​កូន​ក្រៀម​ក្រំ។ ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​បាន​​ទិញ​រ៉ូប​​នោះ​តាម​ការ​ចង់​បាន​ឲ្យ​កូន​ស្រី​មែន​។



ចំណែក​ម្ដាយ​ដឹង​ថា គ្រួសារ​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​ទិញ​សំលៀក​បំពាក់​នោះ​ទេ ដូច្នេះ​គាត់​បាន​​សួរ​ប្ដី​ថា “​តើ​ពុក​វា​ឯង​បាន​ប្រាក់​មក​ពី​ណា​ទិញ​ខោអាវ​ឲ្យ​កូន​ស្រី”? ឪពុក​ឆ្លើយ៖ ” ខ្ញុំ​មាន​ប្រាក់​សន្សំ​ខ្លះ និង​ខ្លះ​ទៀត​ខ្ញុំ​បាន​បូប​​ឈាមលក់​​មក​បង្គ្រប់​ ព្រោះ​ខ្ញុំ​មិន​ចង់​ឃើញ​កូន​ស្រី​យើង​ស្រងាក​ចិត្ត​ទេ”។ពេល​វេលា​​ចេះ​តែ​កន្លង​ផុត​ទៅ កូន​ស្រី​ខាង​លើ បាន​ចូល​រៀន​មហាវិទ្យាល័យ​ពេទ្យ​ពិត​មែន ​ដោយ​ឪពុក​ត្រូវ​ធ្វើ​ការ​យ៉ាង​លំបាក​ដើម្បី​រក​ប្រាក់​បង់​សាលា និង​ចាយ​វាយ​ប្រចាំ​ថ្ងៃ។នៅ​ឆ្នាំ​បញ្ចប់​ការ​សិក្សា​​នាង​ត្រូវ​ការ​ប្រាក់ ១២០០​ដុល្លារ​ទៀត ដើម្បី​បង់​ថ្លៃ​ឈ្នួល​សាលា។ ឪពុក​មិន​មាន​ប្រាក់​គ្រប់​គ្រាន់ ប៉ុន្តែ​ខិត​ខំ​ខ្នះខ្នែង​រក​បាន​ទាល់​តែ​គ្រប់​​ចំនួន​ឲ្យ​កូន។ ម្ដាយ​ដឹង​ថា គ្រួសារ​គ្មាន​ប្រាក់​ដ៏​ច្រើន​ទាំង​នេះ រួច​ក៏​សួរ​​ប្ដី “​តើ​ពុក​វា​ឯង ​បាន​ប្រាក់​មក​ពី​ណា​ទៀត​ហើយ​ច្រើន​យ៉ាង​នេះ? តើ​ឯង​​មាន​ធ្វើ​អ្វី​ខុស​​ដើម្បី​បាន​​ប្រាក់​នេះ​ទេ​”?



ឪពុក​តប “ទេ​ទេ ម៉ែវា! ខ្ញុំ​ប្រាប់​ម៉ែ​វា​ឯង តែ​មិន​​ត្រូវ​ប្រាប់​កូន​យើង​ទេ​ណា៎ បើ​មិន​អីចឹង​នាង​​ខឹង​ស្លាប់​ហើយ។ ប្រាក់​ទាំង​នេះ ខ្ញុំ​បាន​មកពី​​​លក់​តម្រង់​នោម​ឲ្យ​អ្នក​ជំងឺ​ខ្សោយ​តម្រង់​នោម​​ម្នាក់​”។ ​ភរិយា​​ដក​ដង្ហើម​ធំ។ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់​កូន​ស្រី​ក៏​មក​ដល់ ឪពុក និង​ម្ដាយ​បាន​ទន្ទឹង​​រង់​ចាំ​​កូន​យ៉ាង​អន្ទះសារ​​នៅ​ផ្ទះ ដោយ​សង្ឃឹម​ថា កូន​ស្រី​​នឹង​មក​ជា​មួយ​សំលៀក​​ជា​គ្រូពេទ្យ​ឲ្យ​ឪពុក​ម្ដាយ​មើល។ តែ…..​អ្វី​ៗ​បាន​ផ្ទុយ​ស្រលះ​ពី​ការ​គិត​របស់​លោក​ទាំង​ពីរ នាង​បាន​មក​ផ្ទះ​មែន តែ​នាង​​មក​ក្នុង​រូបភាព​ជា​សាកសព… ​នៅ​ថ្ងៃ​បញ្ចប់​ការ​សិក្សា​នាង​បាន​ធ្វើ​អត្តឃាត បន្ទាប់​ពី​នាង​ដឹង​ថា​ មនុស្ស​ដែល​ខ្លួន​គោរព​ស្រលាញ់​បំផុត​ស្មើ​ជីវិត ជា​អ្នក​បោក​ប្រាស់​នាង​ទៅ​វិញ៕



តម្លៃ​អប់​រំ​រឿង៖ឪពុក​ម្ដាយ ​ជា​អ្នក​មាន​គុណ​​របស់​យើង​គ្មាន​អ្នក​ណា​អាច​ប្រៀប​​ផ្ទឹម​បាន ដូច្នេះ​គួរ​កុំ​ធ្វើ​ឲ្យ​គាត់​ពិបាក​ចិត្ត​ដោយ​សារ​យើង ព្រោះ​យើង​បាន​ធ្វើ​ឲ្យ​គាត់​ពិបាក​កាយ​ជាច្រើន​ឆ្នាំ​មក​ហើយ។ ឪពុក​ម្ដាយ​តែង​តែ​ញញឹម​រីក​មុខ​រីក​មាត់ ​ពេល​ឃើញ​កូន​ៗ​ខិតខំ​រៀន​សូត្រ និង​មាន​ការ​ងារ​ល្អ​មួយ​​ក្នុង​ការ​រួម​ចំណែក​​​ជួយ​សង្គម។ ​គ្រប់​គ្នា​មិន​គួរ​យក​ការ​ស្លាប់​មក​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ រាល់​បញ្ហា​តែង​តែ​មាន​ដំណោះ​ស្រាយ​គ្រាន់​តែ​ប្រើ​ពេល​​យូរ ឬ​ឆាប់។
អត្តបទអប់រំ

រត់ចោលផ្ទះជាង ៣០ ឆ្នាំ ព្រោះខឹងម្តាយពិការភ្នែកម្ខាង នាំក្តីអាម៉ាស់មកខ្លួន...ក្រោយពេលរៀបចប់ក្រៅប្រទេស និងមានប្រពន្ធកូន មានទ្រនំធំរស់នៅ...ម្តាយមកជួប ស្រាប់តែ...



ម្តាយរបស់កក្កដាមានភ្នែកតែម្ខាងប៉ុណ្ណោះ។ កក្កដាស្អប់ម្តាយខ្លួនឯងដល់ឆ្អឹង...ព្រោះពិការភាពរបស់គាត់ធ្វើឱ្យកក្កដាខ្មាស់មិត្តរួមថ្នាក់ជាខ្លាំង។ ម្តាយរបស់កក្កដាលក់ចំណីកំប៉ិចកំប៉ុកសម្រាប់សិស្សនិងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីផ្គត់ផ្គង់គ្រួសារ។

ថ្ងៃមួយម្តាយរបស់កក្កដាបានមកអើតមើលកូនគាត់ដល់ថ្នាក់រៀន ហើយនិយាយសួស្តីមករកកូនគាត់។ កក្កដា ពេលនោះមានអារម្មណ៍ខ្មាស់គេជាខ្លាំង ដែលមានម្តាយខ្វាក់ភ្នែកម្ខាង។



ពេលដល់ម៉ោងចេញលេង កក្កដាបានសួរម្តាយខ្លួនឯងថា "ម៉ែម៉េចក៏ធ្វើបែបនេះដាក់ខ្ញុំ?" រួចកក្កដាក៏បង្ហាញទឹកមុខស្អប់ម្តាយខ្លួនជាខ្លាំង ហើយក៏រត់គេចមុខគាត់បាត់ឈឹង។ នៅថ្ងៃបន្ទាប់ មិត្តរួមថ្នាក់របស់កក្កដាបានចម្អកឱ្យកក្កដាថា "នែ៎អាកូនរបស់មីខ្វាក់" ហើយពួកគេនាំគ្នាសើចគិលពេញថ្នាក់រៀន។

កក្កដាមានអារម្មណ៍ខ្មាស់គេជាខ្លាំង និងចង់កប់ខ្លួនឯងក្នុងព្រះធរណី កុំឱ្យគេឃើញរូបខ្លួនតទៅទៀត។ ពេលទៅដល់ផ្ទះ កក្កដាបានប្រាប់ទៅម្តាយបង្កើតថា​ "ខ្ញុំចង់ឱ្យម៉ែឯងបាត់ស្រមោលពីផែនដីនេះ។ បើម៉ែចេះតែធ្វើឱ្យគេសើចចម្អកឱ្យខ្ញុំរាល់ថ្ងៃអ៊ីចឹង ម៉េចក៏ម៉ែឯងមិនស្លាប់ឱ្យបាត់ទៅ?"។

ម្តាយកក្កដាមិនបានឆ្លើយតបសូម្បីមួយម៉ាត់...កក្កដាពេលនោះមិនបានគិតវែងឆ្ងាយទេ នូវអ្វីដែលខ្លួនបាននិយាយ ព្រោះរូបគេកំពុងពោរពេញដោយកំហឹង។

ថ្ងៃមួយ កក្កដាបានប្រាប់ម្តាយខ្លួនថា "ខ្ញុំចង់ចាកចេញពីផ្ទះនេះ ខ្ញុំលែងមានអ្វីពាក់ព័ន្ធជាមួយម៉ែឯងទៀតហើយ។ ដូច្នេះធំឡើងខ្ញុំនឹងខិតខំរៀនឱ្យពូកែ រកឱកាសរៀននៅក្រៅប្រទេស មិនឱ្យជួបមុខម៉ែឯងទៀតទេ ខ្ញុំខ្មាស់គេណាស់"។

បន្ទាប់ពីបញ្ចប់ការសិក្សាក្រៅប្រទេស និងមានការងារល្អធ្វើរួចហើយនោះ កក្កដាបានរៀបការប្រពន្ធ ទិញផ្ទះធំមួយ និងមានកូន ២ នាក់។ កក្កដាពិតជារីករាយនឹងជីវិតខ្លួនណាស់ ដែលរស់នៅមានសុភមង្គល ក្នុងទ្រនំស្រណុកសុខស្រួល។ ប៉ុន្តែថ្ងៃមួយ ម្តាយរបស់កក្កដាបានរកឃើញអាសយដ្ឋានរបស់កក្កដា ហើយគាត់បានមកលេងកូនដែលបែកគ្នាជាង ៣០ ឆ្នាំ។

នៅពេលម្តាយកក្កដាឈរនៅមាត់ទ្វារ កូនៗរបស់កក្កដានាំគ្នាសើចចម្អកឱ្យគាត់ ហើយស្រែកប្រាប់ឱ្យគាត់ចាកចេញពីផ្ទះពួកគេឱ្យឆាប់។ កក្កដាក៏មិនណយដែរ បានប្រើសម្តីប្រមាថស្រែកដេញម្តាយឱ្យចេញពីផ្ទះយ៉ាងដូច្នេះ "ម៉េចក៏ថ្លើមធំមកផ្ទះគេដោយមិនបានអញ្ជើញអ៊ីចឹង ឆាប់ចេញភ្លាម អ្នកឯងកំពុងបន្លាចកូនយើងហើយ"។

ម្តាយបានឆ្លើយតបដោយសំឡេងខ្សោយៗយ៉ាងដូច្នេះ "ឱ្យមីងសុំទោស។ មីងច្រឡំអាសយដ្ឋានហើយ"។ ហើយគាត់ក៏ចាកចេញបាត់ស្រមោលសូន្យឈឹង។

ប្រហែលជា ១០ ថ្ងៃក្រោយ លិខិតរបស់សាលាបឋមសិក្សាដែលម្តាយកក្កដាប្រកបរបរលក់ដូរកំប៉ិចកំប៉ុកបានប្រគល់ដល់ផ្ទះរបស់កក្កដា។ សំបុត្រនោះ គឺសាលាអញ្ជើញកក្កដាឱ្យចូលរួមពិធីជួបជុំគ្នារវាងឪពុកម្តាយនិងកូន ហើយកក្កដាបានកុហកប្រពន្ធថា ជាប់រវល់ពេញមួយថ្ងៃ ដើម្បីទៅខេត្តបំពេញការងារ។ កក្កដាធ្វើដូច្នេះ ព្រោះចង់ដឹងថាហេតុអ្វីនៅសុខៗសាលាដែលមិនធ្លាប់ជាប់ទាក់ទងនឹងខ្លួនសោះ ផ្ញើលិខិតមកខ្លួន ហើយស្គាល់អាសយដ្ឋានច្បាស់យ៉ាងនេះ។

ពេលទៅសល់សាលា គ្រូៗនិងអ្នកជិតខាងបានប្រាប់ថា​ ម្តាយកក្កដាបានលាចាលោកទៅហើយ។ ប៉ុន្តែកក្កដាមិនបានស្រក់ទឹកភ្នែកសូម្បីមួយតក់ រហូតដល់នាយកសាលាប្រគល់សំបុត្រមួយរបស់ម្តាយបន្សល់ទុក ទើបកក្កដាចាប់ផ្តើមហូរទឹកភ្នែកទប់លែងជាប់។

ក្នុងសំបុត្រនោះមានខ្លឹមសារដូច្នេះ ៖

ជូនចំពោះកូនមាសម្តាយ

ម៉ែគិតពីកូនគ្រប់ពេល។ ម៉ែសុំទោស ដែលទៅផ្ទះកូនដោយមិនបានប្រាប់ និងបន្លាចចៅៗ។

ពេលកូនកំពុងអានសំបុត្រនេះ ម៉ែប្រហែលជាមិននៅលើលោកនេះទៀតទេ។ ម៉ែសុំទោស ដែលម៉ែតែងតែជាក្តីអាម៉ាសរបស់កូន នៅពេលកូនធំដឹងក្តី។

កូនដឹងទេ...នៅពេលកូននៅតូច កូនបានជួបគ្រោះថ្នាក់ពិការភ្នែកម្ខាង។ ក្នុងនាមជាម្តាយ ម៉ែមិនអាចទ្រាំមើលកូនធំឡើងជាមួយភ្នែកម្ខាងបានឡើយ។ ដូច្នេះម៉ែបានបរិច្ចាគគ្រាប់ភ្នែកម្ខាងឱ្យទៅកូន។

ម៉ែមានមោទនភាពណាស់ដែលកូនអាចមើលឃើញពិភពលោកទាំងមូលជំនួសម៉ែ ជាមួយនឹងគ្រាប់ភ្នែករបស់ម៉ែ។

ស្រឡាញ់កូនជានិច្ចអស់ពីបេះដូង!!!៕

No comments